(ព្រុចសែល)៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថាតំបន់អឺរ៉ុបអាចនឹងក្លាយជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាត COVID-19 សាជាថ្មី បន្ទាប់ពី អ្នកឆ្លង ១.៨លាននាក់ និងស្លាប់ថ្មី ២៤,០០០នាក់ ត្រូវបានរាយការណ៍នៅទូទាំងតំបន់នេះកាលពីសប្ដាហ៍មុន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Hans Kluge ជានាយកអង្គការ WHO ប្រចាំតំបន់អឺរ៉ុប បានបញ្ជាក់ថាអត្រាឆ្លង COVID-19 នៅទូទាំងប្រទេសចំនួន៥៣ នៃតំបន់អឺរ៉ុបពិតជាគួរឱ្យបារម្ភយ៉ាងក្រៃលែង ដោយបច្ចុប្បន្នអឺរ៉ុបកំពុងប្រឈមមុខនឹងការកើនឡើងជាថ្មីយ៉ាងគំហុកនៃ ករណីឆ្លងជំងឺដ៏ចកាចសាហាវមួយនេះ។
ប្រទេសអឺរ៉ុបដែលបានរាយការណ៍ពីការកើនឡើងករណីឆ្លង COVID-19 ប្រចាំថ្ងៃ ក្នុងនោះមានដូចជាអាល្លឺម៉ង់, បារាំង, ប៉ូឡូញ, ហូឡង់ និងចក្រភពអង់គ្លេសជាដើម ស្របពេលអ្នកជំនាញជាច្រើនព្រមានថាតំបន់អឺរ៉ុបអាចនឹងក្លាយជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាត COVID-19 សាជាថ្មី ជាពិសេសនៅក្នុងរដូវបុណ្យណូអែលខាងមុខនេះ៕
ប្រភព៖ AFP


មតិយោបល់