ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

បន្ទាយមានជ័យៈ កម្លាំងនគរបាលក្រុងសិរីសោភ័ណ ចុះប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន៥នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ និងដកហូតវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវចូលទៅសួនស្នេហ៍មានជ័យស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ។

លោកវរៈសេនីយ៍ឯក ចាប សុផារិទ្ធ ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកគ្រឿងញៀននិងអនីតិជនបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ១.ឈ្មោះ សុភ័ក្រ អានុន ភេទប្រុស អាយុ១៧ឆ្នាំ ២.ស៊ីម ចាន់រ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ៣. ដា ណារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ៤.ហុំ ដាវី ភេទស្រី អាយុ២៥ឆ្នាំ និង៥. ហុង ឆឹង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម អ្នកទាំង៥នាក់នេះ រស់នៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នគរបាលប្រឆាំងគ្រឿងបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៥នាក់ដែលត្រូវឃាត់ខ្លួន និងដកហូតវត្ថុតាងថ្នាំប្រភេទមេតំហ្វេតាមីន ម្សៅក្រាមម៉ាទឹកកក ចំនួន៣ថង់ ស្មើនិង១.៥៧ក្រាម និងសម្ភារៈជក់មួយចំនួនធំ បញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ នេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់