ភ្នំពេញៈ សង្ឃក្លែងក្លាយ២នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់ខ្លួនរួចបានប្រគល់ជូននគរបាលដើម្បីសាកសួរនិងធ្វើសាវតាជាតិ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។ នៅតាមផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខរោងចក្រស្រាបៀរ ហ្ក្រោន ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បន្ទាប់ពីប្រទះឃើញសង្ឃក្លែងក្លាយទាំង២នាក់នេះកំពុងនាំគ្នាផ្លាស់ស្បង់ចីវរចេញរួចស្លៀកពាក់ខោអាវធម្មតាវិញក្រោយពេលត្រឡប់មកពីដើរបិណ្ឌបាត្របានលុយនិងរបស់របរផ្សេងៗរួចមក។
ជនសង្ស័យខាងលើនោះទី១ឈ្មោះ សុខ សុធា អាយុ១៨ឆ្នាំស្នាក់នៅម្ដុំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។និងមានស្រុកកំណើតនៅក្នុងភូមិសាម័រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ជននេះបានធ្វើជាសង្ឃក្លែងក្លាយបានរយៈពេល៧ថ្ងៃមកហើយ។ទី២ឈ្មោះប្រាង សំណាង អាយុ៣៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើត នៅក្នុងភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ជននេះបានធ្វើជាសង្ឃក្លែងក្លាយបានរយៈពេល៣ថ្ងៃមកហើយ។
ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុសង្ឃក្លែងក្លាយទាំង២នាក់នេះបានគ្រងស្បង់ចីវរ និងប្រដាប់ដោយបាត្រផងបានចេញដើរបិណ្ឌបាត្រតាមទីផ្សារនិងតាមផ្ទះប្រជាពលរដ្ឋ។ខណៈនោះមានអ្នកដាក់បាត្រជាហូរហែរ លុះក្រោយបានលុយហើយបាននាំគ្នាទៅផ្លាស់ស្បង់ចីវរចេញនិងស្លៀកពាក់ខោអាវវិញនៅម្ដុំចំណុចកើតហេតុខាងលើ ហើយចៃដន្យត្រូវបានពួកគាត់ប្រទះឃើញក៏ធ្វើការឃាត់ខ្លួនប្រគល់ជូននគរបានតែម្ដង។
នគរបាលបាននិយាយថា ក្រោយពេលឃាត់ខ្លួនកម្លាំងបានដកហូតស្បង់ចីវរនិងបាត្រដែលពួកគេបិណ្ឌបាត្របាន ប៉ុន្តែមិនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការឡើយ។បន្ទាប់ពីឆ្លងយោបល់ដល់ថ្នាក់លើរួចមកបានសម្រេចត្រឹមធ្វើការអប់រំពួកគេនិងធ្វើកិច្ចសន្យា ព្រមទាំងធ្វើសាវតាជាតិរួចដោះលែងទៅវិញ៕





មតិយោបល់