ព័ត៌មានជាតិ

ស្គាល់តាមហ្វេសប៊ុកជាង២ខែ ប្រុសស្នេហ៍ជាប៉ូលិស បោកយកទូរស័ព្ទនិងម៉ូតូទៅបាត់

ភ្នំពេញៈ ស្ត្រីម្នាក់បានកាន់រូបថតប្រុសស្នេហ៍ មកប្តឹងសមត្ថកិច្ចមូលរដ្ឋាន ដើម្បីឲ្យជួយអន្តរាគមន៍ ក្រោយពីស្គាល់គ្នាតាមរយៈហ្វេសប៊ុក ប្រហែជាង២ខែ ស្រាប់តែបុរសខាងលើ បោកយកទូរស័ព្ទដៃ និងម៉ូតូមួយគ្រឿង គេចខ្លួនទៅបាត់ ។

ករណីនេះ កើតឡើងតាំងពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៩នៅមុខ ផ្សារស៊ិនជូរីផ្លាហ្សា តាមបណ្តោយផ្លូវមហាវិថី សហព័ន្ធរុស្សីភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ អាន ស្រីលីន អាយុ១៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកប្រុសស្នេហ៍ ដែលឆបោកម៉ូតូគេចខ្លួនបាត់ ត្រូវបានជនរងគ្រោះប្រាប់ថា ឈ្មោះ ណាក់ ភារៈ អាយុ៣២ឆ្នាំ មុខរបរជាប៉ូលិស (មិនស្គាល់ផ្ទះ) ។

ប្រភពពីស្ត្រីជាដើមបណ្តឹង បានឲ្យដឹងថា នាងបានស្គាល់គ្នាជាមួយបុរសខាងលើ តាមរយៈហ្វេសប៊ុកជាង២ខែ ក្នុងអំឡុងស្គាល់គ្នានេះ ធ្លាប់ណាត់ជួបគ្នាដើរលេង បានចំនួន២ដង ប៉ុន្តែមិនដែលស្គាល់ផ្ទះបុរសខាងលើឡើយ លុះដល់ថ្ងៃទី១៤ ខែកុម្ភៈ មុនកើតហេតុបុរសខាងលើ បានប្រាប់ថា ចង់ទៅលេងស្រុកនាង ដើម្បីស្គាល់សាច់ញាតិ ពេលនោះបានណាត់គ្នាជួប នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបានជិះម៉ូតូនាងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1NT-2943 ឌុបគ្នាទៅលេងស្រុកកំណើតនាង នៅខេត្តកំពង់ចាម ។

ប្រភពដដែល បានបន្តឲ្យដឹងទៀតថា ក្រោយពីដេកនៅស្រុកកំណើតនាង មួយយប់ លុះដល់ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ បានត្រឡប់មកភ្នំពេញវិញ ខណៈមកដល់ចំណុចមុខ ផ្សារស៊ិនជូរីផ្លាហ្សា បុរសខាងលើ បានប្រាប់ឲ្យនាងចាំ នៅមុខផ្សារមួយភ្លែត គាត់ជិះម៉ូតូទៅយកកូនសោចូលផ្ទះ ដែលផ្ញើនឹងមិត្តភក្ដិ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងយកទូរស័ព្ទដៃនាងម៉ាកហូរវ៉ៃមួយគ្រឿងទៅផង ងាយស្រួលខលរកមិត្តភក្ដិ ក្រែងទៅរកមិនជួប ហើយក៏ទៅបាត់រហូតតែម្តង។

ដោយចាំបាត់ៗខលទៅរកមិនចូល សូម្បីអាខោនហ្វេសបុក ក៏ម្លុកចោលទៀត នាងនិងបងប្អូនក៏សម្រេចចិត្ត មកប៉ុស្តិ៍នគរបាលកាកាប១ ដើម្បីដាក់ពាក្យបណ្តឹង ព្រមទាំងមានកាន់រូបថតបុរសខាងលើ មកជាមួយផង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ៕

មតិយោបល់