ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បើកបុកកៀរម៉ូតូ ZOOMER រងរបួសធ្ងន់ម្នាក់

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដេញតាមស្ទាក់ចាប់បាន ខណ:អ្នកបើកបរលោត ចុះរត់គេចបាតជើងសព្រាត បន្ទាប់ពីបើករថយន្តកៀរ និងកិនម៉ូតូ ZOOMER មួយគ្រឿង ធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ វង្វេងបាត់ស្មារតី។

ហេតុការណ៍នេះ កើតទ្បើងនៅម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ទ្រុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2794 អ្នកបើកបរចុះរត់គេចខ្លួនបាត់ ។ មុនកើតហេតុ រថយន្តបង្ក បានបើកតាមបណ្តោយផ្លូវវេងស្រេង ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានកៀរហើយកិនម៉ូតូ ម៉ាក ZOOMER ពណ៌ទឹកក្រូច ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GC-9717 បើកបរដោយបុរសម្នាក់ ក្នុងដំណើរស្របទិស បណ្តាលឲ្យរងរបួសបែកមុខមាត់ ឈាមហូរកក្លាក់ពេញមុខ វង្វេងបាត់ស្មារតី ម៉ូតូរងខូចខាតដំណំ។

ក្រោយកើតហេតុភ្លាម អ្នកបើកបររថយន្តបង្ក ដឹងខ្លួនថា រថយន្តមានបញ្ហាហើយ បានព្យាយាមបន្ថែមល្បឿនបើករត់គេច ខណ:ត្រូវពលរដ្ឋដេញតាមពីក្រោយផងនោះ ភ័យពេកក៏ឈប់រថយន្ត លោតចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅលើផ្លូវ ត្រូវបានសមត្ថកិច្ច ចុះទៅពិនិត្យ ឃើញរថយន្តបង្ក ទើបប្រគល់ឲ្យទៅនគរបាលជំនាញ យកទាំងម៉ូតូ រថយន្តទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ជាបណ្តោះអាសន្ន រីឯជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅមន្ទីរពេទ្យដោយខ្លួនឯង៕

មតិយោបល់