កណ្ដាលៈ នគរបាលស្រុកមុខកំពូល ធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម ក្រោយពីជនសង្ស័យខាងលើ ចូលលួចម៉ូតូពលរដ្ឋ ដែលទុកខាងមុខផ្ទះ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៧និង១០នាទីយប់ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ជនសង្ស័យចាប់ខ្លួនឈ្មោះ ខុន បញ្ញា ភេទប្រុសអាយុ២២ឆ្នាំ រីឯជនរងគ្រោះឈ្មោះ សៀង ថន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរលក់កាហ្វេ ។ ជនសង្ស័យ និងជនរងគ្រោះ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។ វត្ថុតាងដកហូតបានមាន ម៉ូតូ១គ្រឿង ម៉ាកហុងដាគុបជ្រុង ធុន៩០ ពណ៌ស្កគ្មានស្លាកលេខ ។
នគរបាលស្រុកមុខកំពូល បានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រមាណ៧យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ខ្លួនបានយកម៉ូតូរបស់ខ្លួនទុកនៅខាងមុខផ្ទះ ហើយចូលទៅក្នុងផ្ទះបាត់ទៅ លុះមួយសន្ទុះក្រោយមក ខ្លួនក៏បានចេញពីក្នុងផ្ទះមកវិញ ស្រាប់តែមិនឃើញម៉ូតូ ដោយសង្ស័យថា ម៉ូតូត្រូវចោរលួច ក៏បានដាក់ពាក្យបណ្ដឹង នៅនគរបាលប៉ុស្ដិ៍ស្វាយអំពារ ។
ក្រោយពីនគរបាលបានទទួលពាក្យបណ្ដឹងរួច ភ្លាមនោះក៏បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតមកដល់វេលាម៉ោង៩ និងនិង៣០នាទីយប់ថ្ងៃទី១៩ ខែឆ្នាំដដែល នគរបាលនិងប្រជាការពារ បានចេញល្បាតការពារសន្ដិសុខជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្ដ ក៏ស្រាប់តែឃើញម៉ូតូរបស់ជនរងគ្រោះ ដែលបាត់នោះនៅផ្ទះជនសង្ស័យ។
ភ្លាមនោះក៏ហៅជនរងគ្រោះ មកផ្ទះជនសង្ស័យ ដើម្បីបញ្ជាក់ថា តើម៉ូតូនេះ ជារបស់ជនរងគ្រោះពិតឫក៏មិនពិត ។ បន្ទាប់ជនរងគ្រោះឆ្លើយថា ម៉ូតូខាងលើនេះ ពិតជារបស់ខ្លួនដែលបាត់ប្រាកដមែន នគរបាលក៏នាំខ្លួនជនសង្ស័យ និងវត្ថុតាង យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍ស្វាយអំពារ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យសារភាពថា កន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពលួចបានចំនួន២លើក ដែលលើកទី១ នៅឆ្នាំ២០១៧ ខ្លួនធ្លាប់លួចកាំភ្លើង AK ស្វ័យបត់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ ហើយយកទៅទម្លាក់ចោលនៅភូមិចុងព្រែក ឃុំរកាកោងទី២ ក្រោយមកក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រាយការជូនប៉ុស្តិ៍ស្វាយអំពារ ទៅយកមកវិញ លើកទី២ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៧យប់ ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើ បានមួយគ្រឿង មុននឹងខ្លួនបានធ្វើសកម្មភាពលួច មុនដំបូងខ្លួនបានទៅមើលធុងបាសគេ នៅឡឥដ្ឋឈ្មោះ ហេង នៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ លុះត្រឡប់មកផ្ទះ វិញ ខណៈដើរមកដល់ផ្ទះជនរងគ្រោះ ក៏ស្រាប់តែឃើញម៉ូតូជនរងគ្រោះទុកនៅមុខផ្ទះ ដោយមានសភាពស្ងប់ស្ងាត់ ពុំមានមនុស្សនៅ ខ្លួនបានលួចបណ្តើរម៉ូតូនោះចេញពីខាងមុខផ្ទះ បាន ប្រហែល៥០ម៉ែត្រ ទើបកាច់សោរធាក់បញ្ឆេះ ជិះយកមកផ្ទះរបស់ខ្លួន។
លុះព្រឹកឡើង ថ្ងៃទី១៨ ខ្លួនបានយកម៉ូតូជនរងគ្រោះ ជិះទៅមើលស្រែប្រាំង រហូតដល់ល្ងាចទើបជិះត្រឡប់មកផ្ទះវិញ ហើយព្រឹកថ្ងៃទី១៩ ខ្លួនក៏បានជិះម៉ូតូនេះ ទៅមើលស្រែប្រាំងម្ដងទៀត ដល់ម៉ោង៧យប់ ទើបត្រឡប់មកវិញ ដោយទុកម៉ូតូនៅលើផ្លូវលំមុខផ្ទះ លុះមកដល់ម៉ោង៩និង៣០នាទីយប់ ប៉ូលិសនិងប្រជាការពារ បានធ្វើការល្បាតក៏ឃើញម៉ូតូរបស់ជនរងគ្រោះ ដែលខ្លួនទុកនៅខាងមុខផ្ទះ រួចក៏ធ្វើការសាកសួរ និងត្រូវនគរបាលធ្វើការឃាត់ខ្លួនបានតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានប៉ូលិសជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ចាត់ការបន្ដតាមនីតិវិធីច្បាប់៕
មតិយោបល់