ព័ត៌មានជាតិ

ល្បិចថ្មីទៀតហើយ! ដើរឆបោក អ្នកលក់ស្រាបៀ ភេសជ្ជៈ សូមបងប្អូនប្រុងប្រយ័ត្ន…

ភ្នំពេញៈ ជនសង្ស័យជាមុខសញ្ញាធ្វើសកម្មភាពឆបោក ស្រាបៀ ភេសជ្ជៈ យ៉ាងសកម្មតាមផ្ទះ ហាងអ្នកលក់ កន្លងមកជនរងគ្រោះមិនតិចអ្នកទេ ចាញ់ល្បិចជនសង្ស័យ អស់ស្រាបៀ របស់របរ តាមចាប់មិនដែលបាន តែមកដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានចេញធ្វើសកម្មភាពម្ដងទៀត យកស្រាបៀABC មួយកេស ពីផ្ទះអ្នកលក់ត្រង់ចំណុចផ្លូវបេតុង ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានសម្រេចហើយ ដឹករត់គេចខុសគោលដៅ ទើបជនរងគ្រោះដេញតាមទាន់ ឃាត់ខ្លួនបាន នាំយកទៅប៉ុស្តិ៍ប៉ូលិស ចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យ ឈ្មោះ ឥន្ទ សំណាង ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ដើរឆបោក ស្រាបៀ ភេសជ្ជៈ បារី ស្នាក់នៅផ្ទះលេខ៤០៤ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យ បានជិះម៉ូតូមួយគ្រឿង ដើរធ្វើសកម្មភាពក្នុងរូបភាពឆបោក ល្បិចដដែលៗ នៅផ្ទះអ្នកលក់ដូរឥវ៉ាន់ចាប់ហ៊ួយមួយកន្លែង ក្នុងភូមិត្រពាំងទា សង្កាត់សំរោងក្រោម ដែលមានម្ចាស់ផ្ទះ ជាមន្រ្តីនគរបាល ប៉ុស្តិ៍ពងទឹក ខណ្ឌដង្កោ ប្រើល្បិចប្រាប់ថា លោកគ្រូ នៅផ្ទះមួយក្បែរនោះ ឲ្យយកស្រាបៀABCមួយកេស ហើយឲ្យរូបគេដឹកយកស្រាទៅមុន ហើយឲ្យម្ចាស់ឌុបទឹកកក ឲ្យតាមក្រោយផង រីឯម្ចាស់ផ្ទះវិញ នឹកថាក្នុងភូមិក្បែរនោះ មានលោកគ្រូម្នាក់មែន រួមទាំងចង្អុលបង្ហាញផ្ទះច្បាស់ផង ខំតែជឿ ឲ្យស្រាបៀមួយកេស ដឹកចេញទៅមុន ជនរងគ្រោះក្រឡេកមើល ឃើញឌុបហួសផ្ទះលោកគ្រូ ក៏ជិះម៉ូតូដេញតាមហៅសួរ បែរជាជនសង្ស័យកាន់តែបន្ថែមល្បឿន កាន់តែលឿន រហូតដល់ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ជនរងគ្រោះក៏ស្រែកថា ចោរៗ ផ្អើលអ្នកដំណើរជួយដេញឃាត់ ចាប់ខ្លួនបានតែម្តង ។

តាមចម្លើយសារភាព ជនសង្ស័យឲ្យដឹងថា ពេលដែលឆបោកបានស្រាបៀ ភេសជ្ជៈ ល្អៗ គេយកទៅលក់ យកលុយ ឬយកទៅផឹក ហើយសកម្មភាពបែបនេះ ច្រើនលើកមកហើយ ទើបលើកនេះម្ចាស់តាមទាន់ ។

តាមប្រជាពលរដ្ឋជាច្រើននាក់ បានឲ្យដឹងថា ជនសង្ស័យមុខហ្នឹងហើយ ឆបោកយកស្រាបៀ បារីគាត់ ច្រើនលើកច្រើនសារហើយ ចាប់មិនដែលបាន លើកនេះ ម្ចាស់តាមទាន់ហើយ ចាប់ខ្លួនឲ្យប៉ូលិស ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីសាកសួរ និងអនុវត្តន៍បន្តតាមនីតិវិធី៕

មតិយោបល់