ព័ត៌មានជាតិ

ប្រយ័ត្នប៉ះពាល់សុខភាពបងប្អូន! ទំនិញខូចគុណភាពជាច្រើនមុខ ត្រូវមន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី រកឃើញ

រតនគិរីៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញ ម្ហូបអាហារ ដែលដាក់តាំងលក់តាម ផ្សារបរកែវ និងផ្សារអូរយ៉ាដាវ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ សរុប ០៧ មុខ ស្មើនឹង ២៥២ គីឡូក្រាម បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទំនិញទាំងនោះ យកមកដុតកម្ទេចចោលភ្លាមៗ ហើយបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់បន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់