ភ្នំពេញៈ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនឹងម្នាក់ទៀតបានរងរបួសខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នារអិលដួលខ្ទាតមនុស្សចូលក្រោមរថយន្តកុងតឺន័រកិនស្លាប់កាលពីវេលាម៉ោង៤នឹង១០នាទី ល្ងាចថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ វិមានឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថាយុវជនដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ ធី សុវណ្ណ អាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសែនសុខ ស្នាក់នៅភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នឹងយុវជនរងរបួសមានឈ្មោះ ផើន ផាត់យុទ្ធ អាយុ១៧ ឆ្នាំរៀនជាមួយគ្នា ស្នាក់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សមត្ថកិច្ចបន្តថាមុនពេលកើតហេតុយុវជនទាំងពីរនាក់នេះបានជិះម៉ូតូមួយគ្រឿងម៉ាក
សេ ១២៥ សេរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ 2041 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ទិសដៅពីលិចទៅកើតយ៉ាងលឿនហើយបានដល់ពាក់កណ្តាលរថយន្តកុងតឺន័រក៏ស្រាប់តែរអិលដួលខ្ទាតចូលយុវជនដែលជិះពីក្រោយចូលក្រោមរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័មចំណែកយុវជនម្នាក់ទៀតដែលជាអ្នកឌុបបានខ្ទាតចេញក្រៅរងរបួសស្រាល រីឯរថយន្តកុងតឺន័រក្រោយកើតហេតុបានបើកគេចបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងហើយអូសយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំសាច់ញាតិយកឯកសារមកទទួលយកទៅវិញ ។ ចំណែកសពយុវជនខាងលើបានទាក់ទងទៅសាច់ញាតិមកដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ហើយចំណែករថយន្តកុងតឺន័រសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរករថយន្តនិងម្ចាស់អោយចូលមកដោះស្រាយតាមនីតិវិធីច្បាប់៕




មតិយោបល់