ព័ត៌មានជាតិ

បុរសរត់ PassApp ម្នាក់ ជួបគ្រោះអកុសល…

ភ្នំពេញ: បុរសអ្នករត់ PassApp ម្នាក់ មានអាការ:មិនស្រួលខ្លួន ត្រូវប្រជាពលរដ្ឋឃើញក៏ជួយ តែមិនទាន់បានសង្គ្រោះផង ក៏ដាច់ខ្យល់ស្លាប់តែម្ដង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៣០នាទី​រសៀលថ្ងៃទី១៨​ ខែមិនា​ ឆ្នាំ​២០១៩ ស្ថិតក្នុងវត្តកៀនឃ្លាំង​ ភូមិកៀនឃ្លាំង​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ​។

សពបុរសខាងលើមានឈ្មោះ​ ភឿន​ សោភ័ណ​ អាយុ៤២ឆ្នាំ មុខរបរ​រត់ PassApp ស្នាក់នៅម្តុំវត្តទួលសង្កែ សង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ ​មានលំនៅអចិន្ត្រៃផ្ទះលេខ២៨៦​ ផ្លូវ១១​ ភូមិព្រែកខ្សាយ​ ឃុំព្រែកខ្សាយ​ ក​ ស្រុកពាមរក៍​ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ឲ្យដឹងថា​ នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋ បានហៅជនរងគ្រោះ ឲ្យឌុបលោកយាយម្នាក់ តែត្រូវបុរសខាងលើ ប្រាប់ថាមានអាការ:មិនស្រួលខ្លួន វឹលមុខក្រោយមកប្រជាពលរដ្ឋ បានជួយបញ្ចុកទឹកក្រូចឆ្មា និងកោសខ្យល់ បានមួយសន្ទុះស្រាប់តែប្រកាច់ដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ហើយទាក់ទងសមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច័យ សន្និដ្ឋានថា បុរសខាងលើខ្យល់គគាំងបេះដូង បណ្តាលឲ្យស្លាប់ រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់