កែបៈ កាលពីយប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ មានករណីហិង្សានៅក្នុងពិធីមង្គលការមួយ ខណៈភ្ញៀវកំពុងតែរាំរែកសប្បាយ បង្កឲ្យផ្អើលរត់ចែកជើងគ្នា ទាំងភ្ញៀងខាងកូនប្រុស និងកូនស្រី ស្ថិតនៅក្នុងភូមិ ទួលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ជនរងគ្រោះម្នាក់ឈ្មោះ សុខ ភក្តី បានរងរបួសធ្ងន់ បច្ចុប្បន្នកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកែប ដោយត្រូវគ្រូពេទ្យដេរអស់ចំនួន១២ថ្នេរ។
តាមប្រភពពីម្តាយជនរងគ្រោះឈ្មោះ សុខ ផាន អាយុ ៤៩ឆ្នាំ បានឲ្យដឹងថា នៅយប់កើតហេតុ រូបគាត់និងប្តី ព្រមទាំងកូន ត្រូវជាសាច់ញាតិខាងស្រី បានមកចូលរួមពិធីមង្គលការ ក្នុងនាមជាភ្ញៀវ ហើយបានរាំរែកសប្បាយ រហូតដល់ម៉ោង៨ និង៥០នាទីយប់ ឈ្មោះ សុខ ភក្តី កំពុងតែរាំក្នុងវង់សុខៗ ស្រាប់តែឃើញកែវ ត្រូវបានគេគប់មកក្នុងវង់រាំ នៅពេលនោះ ដោយកូនកំលោះ និងសាច់ញាតិកូនកំលោះ មានការយល់ច្រលំស្មានថា កែវនោះជារបស់ជនរងគ្រោះអ្នកគប់ ក៏បានព្រួតវាយ បណ្ដាលឲ្យរងរបួសធ្ងន់។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងធ្វើការស្រាវជ្រាវរឿងនេះ ដើម្បីធ្វើការដោះស្រាយតាមនិតិវិធី៕
មតិយោបល់