ព័ត៌មានជាតិ

ឆក់ខ្សែកបានហើយ តែត្រូវម្ចាស់ឆក់យកវិញ ស្រែកផ្អើលដេញចាប់បានម្នាក់

ភ្នំពេញៈ ពិតជាក្លាហានមែន បុរសម្នាក់ ខណៈកំពុងជិះម៉ូតូតាមផ្លូវ ត្រូវចោរធ្វើសកម្មភាពឆក់ខ្សែកបានសម្រេច តែម្ចាស់ប្រទាញយកមកវិញបាន ហើយ ស្រែកឆោឡោ ផ្អើលពលរដ្ឋចេញមកជួយចាប់បានជនសង្ស័យម្នាក់ ប្រគល់ឲ្យប៉ូលិស កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ ឃឹម ភារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សែកែវ។ ចំណែករងគ្រោះ ឈ្មោះ អ៊ុក សារុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់ទើបវិលត្រឡប់ មកពីទិញគុយទាវ ជិះម៉ូតូធ្វើដំណើរតាមដងផ្លូវខាងលើ ដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកBEAT ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ1HO-4318 មកពីក្រោយ ធ្វើសកម្មភាពឆក់យកខ្សែក ប្លាទីន ជិត២តម្លឹង ហើយត្រូវបានគាត់ប្រទាញដណ្តើមយកវិញ ស្រែកផ្អើលពលរដ្ឋ ព័ទ្ធចាប់បានម្នាក់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន ហើយកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន បន្តតាមនីតិវិធី៕

មតិយោបល់