ព័ត៌មានជាតិ

ទាំងព្រឹកហ្មង! អគ្គិភ័យឆេះ សាលាអន្តរជាតិអាស៊ាន ហូប នៅខណ្ឌសែនសុខ

ភ្នំពេញ: ខណ:ថ្ងៃឈប់សម្រាក នៅសាលាអន្តរជាតិអាស៊ាន ហូប ស្រាប់តែកើតមានគ្រោះអគ្គិភ័យឆេះ ក្នុងការិយាល័យ បណ្តាលឲ្យរងខូចខាតឯកសារបង្រៀន ឯកសារសាលាអស់មួយចំនួនធំ កាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅអគារជាន់ទី១ សាលាអន្តរជាតិអាស៊ាន ហូប តាមផ្លូវ២០១១ ភូមិជ្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមគ្រូនៅសាលាខាងលើ បានឲ្យដឹងថា ជារៀងរាល់ចុងសប្តាហ៍ ថ្ងៃសៅរ៍ អាទិត្យ សាលាអន្តរជាតិ អាស៊ានហូប មិនបង្រៀនសិស្សឡើយ ទាំងលោកគ្រូ អ្នកគ្រូ ក៏មិនបានមកធ្វើការដែរ ពោលគឺបិទទ្វារ បិទចរន្តភ្លើងផងដែរ ក៏ប៉ុន្តែនៅវេលាម៉ោងខាងលើ មិនដឹងថា មូលហេតុអ្វី បែរជាកើតគ្រោះអគ្គិភ័យទៅវិញ បង្កឲ្យភ្លើងឆាបឆេះ ក្នុងបន្ទប់ការិយាល័យរបស់សាលា នៅជាន់ទី១ ត្រូវរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចមួយគ្រឿង ចេញអន្តរាគមន៍ ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា បន្ទប់សាលាបិទទ្វារទេ ចុះហេតុអ្វី បានជាភ្លើងឆាបឆេះ ក្នុងបន្ទប់ការិយាល័យ ជាមួយនឹងផ្សែងហុយ ខ្មួលខ្មាញ់ចេញមកក្រៅ ទើបនាំគ្នាឆោឡោ ងឿងឆ្ងល់។

ទោះជាយ៉ាងណាក្តី ករណីខាងលើ មិនបង្កឲ្យអ្នកណារងរបួសទេ ហើយក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅសាកសួរ និងបន្តធ្វើការស្រាវជ្រាវផងដែរ៕

មតិយោបល់