ព្រះសីហនុៈ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ លោកឧកញ៉ាទៀ វិចិត្រ នាយកក្រុមហ៊ុនជី.ធី.វី.ស៊ី ស្ពីដប៊ូត( g.t.v.c speed boat)បានធ្វើការប្រគល់ អូប័រល្បឿនលឿនមួយគ្រឿងកម្លាំង១៧៥សេស ដែលមានតម្លៃជិត៣ម៉ឺនដុល្លារ ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងធ្វើជាមធ្យោបាយសម្រាប់ជួយសង្រ្គោះ ពលរដ្ឋពេលមានគ្រោះអាសន្ន ។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧកញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុនជី.ធី.វី.ស៊ី ស្ពីដប៊ូត ដែលបានបរិច្ចាគថវិកាច្រើនសន្ធឹកសន្ធាប់ ទិញអូប័រដ៏មានតម្លៃនេះជូននគរបាលខេត្តព្រះសីហនុ ។
លោកស្នងការបានបញ្ជាក់ថា អូប័រនេះលោកនឹងប្រគល់ជូនទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុង ដើម្បីប្រើប្រាស់បម្រើប្រជាពលរដ្ឋឲ្យចំគោលដៅទី១ការល្បាតការពារសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ទី២ជាមធ្យោបាយជួយសង្គ្រោះជនរងគ្រោះពេលដែលមានគ្រោះថ្នាក់ផ្សេងៗនៅលើផ្ទៃសមុទ្រ និង ទី៣ ជាមធ្យោបាយ សម្រាប់ដឹកជញ្ជូនអ្នកជម្ងឺនិងស្រ្តីត្រូវសំរាលកូនដែលត្រូវការសង្រ្គោះបន្ទាន់ដឹកមកកាន់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ។
លោកឧញ៉ាទៀ វិចិត្រ បានបញ្ជាក់ជូនលោកស្នងការថា នៅពេលណាដែលអូប័រនេះត្រូវការជួសជុលសូមយកមកជួសជុលនៅកន្លែងរបស់គាត់គាត់ជួសជុលឲ្យនិងផ្លាស់ប្តូរគ្រឿងបន្លាស់ជូន ដោយមិនគិតលុយអ្វីទាំងអស់៕
មតិយោបល់