ព័ត៌មានជាតិ

ប្រុងប្រយ័ត្នបងប្អូន! រកឃើញប្រហិតចម្រុះនាំចូលពីប្រទេសថៃ ខុសច្បាប់

បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ទុករថយន្តដឹកប្រហិតចម្រុះនាំចូលពីប្រទេសថៃ តាមច្រកព្រំដែនបឹងត្រកួន ប្រមាណជិត២០០០គីឡូក្រាម ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និង ក្រោយពីត្រួតពិនិត្យឃើញថា ការដឹកជញ្ជូនមិនគោរពតាមស្តង់ដារអនាម័យ និងអាចបង្កឲ្យខូចគុណភាព នៅពេលយកទៅលក់លើទីផ្សារ។

សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានធ្វើការអប់រំដល់ម្ចាស់ទំនិញ និងធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូលផលិតផលពុំស្របច្បាប់និង ខុសស្តង់ដារបច្ចេកទេសបែបនេះបន្តទៀត។ បន្ទាប់ពីធ្វើកិច្ចសន្យា និងណែនាំរួចប្រហិតចម្រុះទាំងនោះ យកទៅដុតកម្ទេចចោលនៅថ្ងៃ២៥ ខែមេសា ឆ្នាំ២០១៩នេះ៕

មតិយោបល់