ព័ត៌មានជាតិ

Update៖ តាមពិតដីខ្សាច់សោះ ដែលជនជាតិចិន ធ្វើឲ្យសមត្ថកិច្ចចង់ពេញមួយក្រុង ផ្អើល និងចុះអន្តរាគមន៍

ភ្នំពេញៈ ជនសង្ស័យជាជនជាតិចិនម្នាក់ ស្ពាយកាបូប មានដាក់វត្ថុម្យ៉ាង សង្ស័យជាគ្រាប់បែកច្នៃ ចូលទៅដាក់គំរាមម្ចាស់ហាងចិន លក់គុជ ហឺហឺ ដែលមានទីតាំងស្ថិតនៅផ្ទះជួល ផ្លូវបេតុង មុខផ្សារកាណាឌីយ៉ា ផ្លូវទី៣ ក្រុម៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ករណីនេះដែរ បង្កឲ្យម្ចាស់ហាង ពលរដ្ឋភ័យខ្លាច ផ្អើលសមត្ថកិច្ច ចុះទៅអន្តរាគមន៍ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ហើយត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះទៅលួងលោម និងឲ្យជនសង្ស័យដោះបំបែក វត្ថុសង្ស័យគ្រាប់បែកច្នៃ កំណត់ម៉ោងចេញពីគ្នា រួចគាត់ខ្លួននាំយកទៅប៉ុស្តិ៍ចោមចៅ១ ដើម្បីពិនិត្យ និងសាកសួរ ជុំវិញរឿងហេតុ ឃើញសុទ្ធតែដីខ្សាច់ ។

តាមប្រជាពលរដ្ឋ ម្ចាស់ហាងចិន បានឲ្យដឹងថា នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃ០១ ខែឧសភា ឆ្នាំ២០១៩ ជនជនសង្ស័យជិះម៉ូតូកង់បីឥណ្ឌា មានស្ពាយកាបូបផង ចូលទៅក្នុងហាងចិនខាងលើ សាកសួររកបក្ខពួករស់គេម្នាក់ ឈ្មោះ តឹង ជាជនជាតិចិន តែត្រូវបានម្ចាស់ផ្ទះប្រាប់ថា មិនឃើញ ព្រោះឈ្មោះ តឹង ជាជនជាតិចិន គ្រាន់តែជា ម៉ូយ ភ្ញៀវ ធ្លាប់ចេញចូលទិញទំនិញ នៅហាងខាងលើ ពេលនេះមិនដែលឃើញមកទេ តែជនសង្ស័យមិនជឿ ចោទប្រកាន់ម្ចាស់ហាងចិន លាក់ ឃុតឃិតគ្នា ត្រូវបានជនសង្ស័យ ទាញយកវត្ថុម្យ៉ាង ជាគ្រាប់បែកច្នៃមានភ្ជាប់នាឡិកាមួយ មកដាក់ក្នុងផ្ទះ គំរាមម្ចាស់ហាង ដើម្បីឲ្យម្ចាស់ហាងហៅឈ្មោះ តឹង ជាគូជម្លោះរបស់គេមក។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានឃាត់ខ្លួននាំយកទៅសាកសួរ និងវត្ថុសង្ស័យជាគ្រាប់បែកច្នៃ ត្រូវបានយកមកត្រួតពិនិត្យនៅប៉ុស្តិ៍ចោមចៅ១ ក្រោមវត្តមាន កម្លាំងអាជ្ញាធរស៊ីម៉ាក កម្លាំងជំនាញ ស្នងការក្រុង កម្លាំងកងអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យ អាវុធហត្ថ និងកម្លាំងផ្សេងៗទៀត ពិនិត្យជាក់ស្តែងឃើញមាន ដុំរុំខ្ចប់ ទាំង៥ ខាងក្នុងសុទ្ធតែដីខ្សាច់ ពុំមាន ជាតិរំសេវអ្វីឡើយ និងនាឡិការោទ៍មួយ ។

ជនសង្ស័យសមត្ថកិច្ចចាប់ខ្លួនខាងលើឈ្មោះ លីវ ជីន LIU JUN ភេទប្រុស អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខE449081127 ។

តាមការសាកសួរ ជនសង្ស័យ គ្រាន់តែយកវត្ថុទាំងនោះ ដីខ្សាច់ច្រកថង់ រុំជិត បន្លំធ្វើជាគ្រាប់បែកច្នៃ យកមកគំរាមម្ចាស់ហាង ដើម្បីហៅ ឈ្មោះ តឹង ជាជនជាតិចិន ដែលជាគូជម្លោះខ្លួនមកប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕

មតិយោបល់