ព័ត៌មានជាតិ

ជនជាតិបារាំងស្រទ្បាញ់ភេទដូចគ្នា ដេកស្លាប់នៅក្នុងផ្ទះជួល

ភ្នំពេញៈ បុរសជាជនជាតិបារាំង ស្រទ្បាញ់ភេទដូចគ្នាម្នាក់ បានគាំងបេះដូងស្លាប់ នៅក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ប្រមាណ៩ និង៣០នាទីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុផ្ទះជួលលេខ៤៩ជាន់ទី១ ផ្លូវលេខVT១៣ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះឈ្មោះ RADIER FREDERIC ភេទប្រុស អាយុ៤៧ឆ្នាំ ជាជនជាតិបារាំង មុខរបរជាវិស្វករផ្នែកអគ្គិសនី ស្នាក់នៅផ្ទះជួលខាងលើ។

តាមការបំភ្លឺពីឈ្មោះ ឈួន គង់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបររើសអេតចាយ មានលំនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ វេលាម៉ោងប្រមាណ៨ព្រឹក ខ្លួនបានធ្វើដំណើរទៅបន្ទប់ជួលរបស់ជនរងគ្រោះនោះ ស្រាប់តែ ប្រទះឃើញបុរសម្នាក់ នៅក្នុងបន្ទប់នោះដែរ។

ក្រោយមកបុរសនោះ ក៏បានចេញពីក្នុងបន្ទប់ ស្រាប់តែឃើញជនរងគ្រោះ មានអាការៈមិនស្រួលខ្លួន និងប្រកាច់ត្រដខ្យល់តែម្ដង។

ភ្លាមៗបុរសនោះ ក៏បានរត់មកប្រាប់ម្ចាស់ផ្ទះ នាំគ្នា ទៅមើល និងបានទាក់ទងហៅរថយន្តសាម៉ុយប្រុង បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉េត តែគ្រូពេទ្យ បានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ។

ប្រភពដដែក បានឲ្យដឹងទៀតថា ខ្លួនធ្លាប់ស្គាល់ជនជាតិបារាំង ប្រមាណ១ឆ្នាំ មកហើយ និងធ្លាប់ចេញចូល ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀន ជាមួយជនរងគ្រោះផងដែរ។ កន្លងមកជនជាតិបារាំងនោះ ជាមនុស្ស ដែលស្រទ្បាញ់ភេទដូចគ្នា ហើយមានសង្សារម្នាក់ ដែលធ្លាប់ដេកជាមួយគ្នា នៅលើផ្ទះនោះ ។

យ៉ាងណាមិញឈ្មោះ ឈួន គង់ បានបដិសេធថា រូបគាត់ ពុំដែលបានដេក ជាមួយជនជាតិបារាំងនោះទេ។

ក្រោយកើតហេតុ ម្ចាស់ផ្ទះក៏បានរាយការណ៍ប្រាប់នគរបាលមូលដ្ឋាន ទាក់ទងនគរបាលជំនាញ ចុះត្រួតពិនិត្យ ។ នៅក្នុងបន្ទប់ សមត្ថកិច្ចរកឃើញ មានឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀនជាច្រើន ហើយបានសន្និដ្ឋានថា ជនជាតិបារាំង ស្លាប់ដោយសារគាំងបេះដូង អាច ប្រើប្រាស់គ្រឿងញៀនជ្រុល ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបាននគរបាលបញ្ជូនទៅតម្ដល់ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ដើម្បីរងចាំបងប្អូន នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់