កំពង់ឆ្នាំងៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង ដោយមានការសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់នៅក្នុងផ្សារព្រៃគ្រី និងផ្ទះលក់ដូរនៅជុំវិញផ្សារ ស្ថិតក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ និងដកហូត ផលិតផលទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ២៣.២ គីឡូក្រាម មានដូចជា៖ ទឹកស៊ីអីវខាប់ កាហ្វេ និងនំតៃលាវ សរុបចំនួន ១៧.៨ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទំនិញទាំងនោះ រក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។
ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) និងធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕
មតិយោបល់