ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៤០នាទីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ខណៈមេឃភ្លៀង លាយឡំខ្យល់កន្រ្តាក់ផងនេះ បានធ្វើឲ្យអគាររោងចក្រមួយកន្លែងប៉ើងរលំ សង្កត់លើមនុស្ស ៣នាក់ បណ្ដាលឲ្យរបួសធ្ងន់សា្រល ព្រមទាំងសង្កត់លើរថយន្ត ម៉ូតូរងការខូចខាតយ៉ាងដំណំ ដែលកើតហេតុ តាមបណ្ដោយផ្លូវបេតុង ៥០ម៉ែត្រ ក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អគាររោងចក្រខាងលើ មានទំហំ ២,៩៧០ ម៉ែត្រការេ ក្នុងនោះទទឹងប្រវែង ៣៣ម៉ែត្រ បណ្ដាយប្រវែង ៩០ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ឹង ប៊ុនប៉េង។
ចំណែកអ្នករងគ្រោះទាំង ៣នាក់នោះទី១/ ឈ្មោះ អេង ធី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ទី២/ ឈ្មោះ យូរ ផុត ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកម្មករ សំណង់ និងទី៣/ មិនទាន់ស្គាល់អត្ដសញ្ញាណនោះទេ
ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះ តាមរថយន្តសាមុយរបស់មន្ទីរពេទ្យសួគ៌ា និងមន្ទីរពេទ្យរុស្ស៊ី ដោយឡែករថយន្ត ដែលត្រូវរងការខូចខាតនោះ មានម៉ាកធុនត្រា១គ្រឿង ក្រឡាប់បះជើង និងរថយន្តស្ទូចដឹកដែក១គ្រឿង ព្រមទាំងម៉ូតូ១គ្រឿងផងដែរ។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលកម្មករសំណង់ ឈប់សម្រាកហូបបាយ មិនទាន់បានចូលធ្វើការវិញផង មេឃចាប់ផ្ដើមងងឹត ពេលនោះ មានតែកម្មករ៣នាក់ប៉ុណ្ណោះ ស្ថិតនៅក្នុងអគារខាងលើ ក្រៅពីនេះអ្នកផ្សេងសុទ្ធតែនៅខាងក្រៅទាំងអស់។
លុះបន្តិចក្រោយមក ស្រាប់តែមានភ្លៀងធ្លាក់លាយឡំ ជាមួយខ្យល់កន្រ្តាក់ បក់បោកយ៉ាងខ្លាំង មិនយូរប៉ុន្មាន អគាររោងចក្រមួយនេះ ក៏បានដួលរលំទាំងកម្រោល បណ្ដាលឲ្យសង្កត់លើជនរងគ្រោះទាំង ៣នាក់ រងរបួសធ្ងន់ស្រាល ព្រមទាំងសង្កត់រថយន្ត២គ្រឿង ម៉ូតូ១គ្រឿង ជាប់តែម្ដង៕
មតិយោបល់