មណ្ឌលគិរីៈ គ្រឿងញៀនបានបំផ្លាញអនាគត មនុស្ស ក៏ដូច ជាសង្គមជាតិ ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ធ្វើពិធីដុតកម្ទេចចោលជិត៤០០កញ្ចប់ បន្ទាប់ពីធ្វើការដកហូតបានពីជនល្មើស នាពេលកន្លងមក។ ការដុតកម្ទេចគ្រឿងញៀននេះ ក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នេះ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានជំរុញឲ្យមន្ត្រីនគរបាលយុត្តិធម៌មានកម្លាំងប៉ូលិស កម្លាំងកងរាជអាវុធហត្ថ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត សហការគ្នាទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀន ឲ្យបានដូចភ្លៀងរលឹម។
លោកអភិបាលខេត្តមណ្ឌលគិរី បានលើកឡើងថា ខេត្តមណ្ឌលគិរីមានប្រជាជនចំនួនតិចតែករណីរីករាលដាលបញ្ហាគ្រឿងញៀនកើតមានច្រើនគួរឲ្យកត់សម្គាល់។ ដូច្នេះ ប្រជាពលរដ្ឋត្រូវចូលរួមសហការគ្នាជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឲ្យមានប្រសិទ្ធភាព។
តាមរបាយការណ៍របស់ស្នងការខេត្តមណ្ឌលគិរី លោក តូច យ៉ុន ស្នងការខេត្ត បានឲ្យដឹងថា ក្នុងឆមាសទី១នេះ កម្លាំងស្នងការដ្ឋានខេត្តមណ្ឌលគិរី ធ្វើការបង្ក្រាបបានចំនួន៩ករណី នឹងបានឃាត់ខ្លួន មនុស្សបានចំនួន៣៤នាក់ បញ្ជូនទៅតុលាការ។
លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ស្ថាប័នអយ្យការ ខេត្តមណ្ឌលគិរី បានចាត់ការលើសំណូមរឿង គ្រឿងញៀន ចំនួន៣០សំណុំរឿង នឹងរឹបអូសបានគ្រឿងញៀន បានចំនួន៣៩៩កញ្ចប់តូច និងធ្វើការដុតកម្ទេចចោល នាពេលនេះ៕
មតិយោបល់