បាត់ដំបងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលមានដាក់តាំងលក់នៅផ្សារដំណាក់ស្ដៅ ស្ថិតក្នុងឃុំស្ដៅ ស្រុករតនៈមណ្ឌល និងផ្សារស្នឹង ស្ថិតក្នុងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារ ដែលដាក់សារធាតុគីមីហាមឃាត់ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាពចម្រុះសរុបប្រមាណ ៤៦ គីឡូក្រាម ។ បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល នៅពេលក្រោយតាមនីតិវិធី។ ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈម ចំពោះមុខច្បាប់ថែមទៀត ៕
មតិយោបល់