ព័ត៌មានជាតិ

អាមេរិក៖ អាវុធមហាប្រល័យ WMD របស់កូរ៉េខាងជើង បានរំលោភលើដំណោះស្រាយអង្គការសហប្រជាជាតិ

អាមេរិកៈ ចំពេលត្រូវបានចោទសួរអំពីការបាញ់បង្ហោះមីស៊ីល ពីសំណាក់ក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា កម្មវិធីផលិតអាវុធនុយក្លេអ៊ែរទាំងមូលរបស់កូរ៉េខាងជើង បានរំលោភលើដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

ដោយលោក Morgan Ortagus បានប្រាប់អ្នកយកព័ត៌មានថា កម្មវិធីផលិតអាវុធមហាប្រល័យ WMD របស់កូរ៉េខាងជើងទាំងមូល គឺវាផ្ទុយគ្នាទៅនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សា UN ប៉ុន្តែយ៉ាងណាមិញ អ្វីដែលអាមេរិក កំពុងផ្តោតពេលនេះ គឺព្យាយាមចរចា ដើម្បីបញ្ចប់ការរំលោភពានមួយនេះ។

ការលើទ្បើងនេះ បានកើតទ្បើងខណៈរូបលោក ត្រូវបានអ្នកសារព័ត៌មានស្នើសុំឲ្យបញ្ជាក់ភាពច្បាស់ ពីជំហររបស់ក្រសួងការបរទេស បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបង្ហាញឥរិយាបទប្រឆាំងនឹងទីប្រឹក្សាសន្តិសុខជាតិលោក John Bolton អំពីថា តើគួរតែបើកកិច្ចពិភាក្សា ជាមួយកូរ៉េខាងជើង ដែលបានរំលោភលើសេចក្តីសម្រេចរបស់ UN នៅក្នុងខែនេះ ដែរឬយ៉ាងណា៕

មតិយោបល់