ព័ត៌មានជាតិ

Update៖ រថយន្តហ៊ីណូដឹកដី បុករះបង្គោលភ្លើង រថយន្តនិងម៉ូតូខូចខាត នៅមុខហាង Coffee Today

ភ្នំពេញ: រថយន្តម៉ាកហ៊ីណូមួយគ្រឿង សង្ស័យដាច់ហ្វ្រាំង និងតៃកុងស្រវឹងស្រា បានបើកចុះពីស្ពានព្រែកព្នៅ ជ្រុលបុករះបង្គោលភ្លើងមួយដើម រួចរេចង្កូតបុករថយន្ត និងម៉ូតូចំនួន៤គ្រឿងទៀត កំពុងឈប់ស្ងៀមនៅមុខហាង Coffee Today បណ្តាលឲ្យខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខ3D-3323 បើកដោយ បុរសម្នាក់ឈ្មោះ អ៊ុយ ញ៉ាញ់ អាយុ២៣ឆ្នាំ ស្នាក់នៅភូមិអណ្តូងព្រៃ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ម៉ូតូរងគ្រោះទី១ ម៉ាកគ្រឿងម៉ាក NEX ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1HM-3090 ឈប់ស្ងៀម ម្ចាស់ឈ្មោះ ឈិត កញ្ញា ភេទស្រី អាយុ ២១ឆ្នាំ ស្នាក់នៅភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ម៉ូតូរងគ្រោះទី២ម៉ាក BEAT ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GR-6090 ឈប់ស្ងៀម ម្ចាស់ឈ្មោះ ពៅ សុធា ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ម៉ូតូរងគ្រោះទី៣ម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CW-6071ឈប់ស្ងៀមម្ចាស់ឈ្មោះ ពេជ រ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងរថយន្តរងគ្រោះមួយគ្រឿងម៉ាក CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-6488 ឈប់ស្ងៀម ម្ចាស់ឈ្មោះ សារូ ផារ័ត្ន ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិទឹកល្អក់១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កខាងលើ បានបើកចុះពីស្ពានព្រែកព្នៅ ទិសដៅពីកើតទៅលិច តាមបណ្តោយមហាវិថីឈ្នះឈ្នះ បានជ្រុលបុកខឿនពុះចែកទ្រូងផ្លូវ រួចបន្តបុករះបង្គោលភ្លើងដែកមួយដើម ហើយបួងចង្កូតមកស្តាំដៃ ជ្រុលទៅបុករះរថយន្តម៉ាកកាមរីមួយគ្រឿង ម៉ូតូ៣គ្រឿង និងបង្កាន់ដៃហាងកាហ្វេមួយចំនួន ដែលកំពុងឈប់ស្ងៀម នៅមុខហាង Coffee Today។

ប្រភពដដែលបន្តថា ក្រោយពីបុករួចតៃកុង រថយន្តបង្កបានបួងចង្កូតមកឆ្វេងដៃវិញ រួចបើកទៅលិចត្រង់ ដោយជាប់ទាំងម៉ូតូមួយគ្រឿង ទៅជាមួយផងរហូតបានប្រមាណ៤០០ម៉ែត្រ ទើបសមត្ថកិច្ចខណ្ឌព្រែកព្នៅ កាក់រថយន្តឃាត់ខ្លួនបាន។

សមត្ថកិច្ចលួចបង្ហើបប្រាប់ថា តៃកុងរថយន្តបង្ក មានជាតិអាកុលក្នុងខ្លួន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌ ទាក់ទងជំនាញរាជធានី មកវាស់វែង យករថយន្តវត្ថុតាង រួមទាំងតៃកុងរថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់