ព័ត៌មានជាតិ

Update៖ គ្រាន់តែរឿងដើរប៉ះគ្នាបន្តិចបន្តួច ឈានដល់ព្រួតគ្នា ចាក់ទៅលើបុរសជនជាតិចិនម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ រងរបួសដេកដួល ក្នុងថ្លុកឈាម ក្រោយពេលជនជាតិចិន៣នាក់ ព្រួតគ្នាចាក់ចំនួន៣កាំបិត កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្បែររបងស្ថានទូតចិន ផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតជនរងគ្រោះ និងក្រុមជនដៃដល់ បានដើរប៉ះគ្នា ខណៈនោះជនរងគ្រោះ បានជេរទៅលើជនសង្ស័យ ដែលមានគ្នា៣នាក់ ទើបក្រុមជនសង្ស័យ បានដកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះចំនួន៣កាំបិត បណ្តាលអោយដេកដួលក្នុងថ្លុកឈាមសន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីអោយក្រុមគ្រូពេទ្យធ្វើការសង្រ្គោះបន្ទាន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌចំការមន បានដេញស្ទាក់ឃាត់ខ្លួន បានជនសង្ស័យ២នាក់៖ ទី១ឈ្មោះ HANG DONG ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តឆាំងស៊ូ ប្រទេសចិន
និងជនសង្ស័យទី២ឈ្មោះ YAN XIAO ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តឆាំងស៊ូ ប្រទេសចិន ពួកគេទាំង២នាក់ទើបតែចូលមកស្នាក់នៅប្រទេសកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដែលជួលខុនដូយីហោ១១២ នៅក្បែរកន្លែងកើតហេតុ។

ចំណែកបក្ខពួកម្នាក់ទៀត ដែលកំពុងតែរត់គេចខ្លួន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសនៅពេលក្រោយ។ បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងចាត់ការតាមនីតិវិធី៕

មតិយោបល់