ព័ត៌មានជាតិ

ចោរឆក់«អាជីព»វ័យក្មេង២នាក់ធ្លាប់ឆក់សម្រេចទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារត្រូវអស់លក្ខណ៍ក្នុងដៃអាវុធហត្ថខណ្ឌដូនពេញ

ភ្នំពេញ: នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់វ័យក្មេង ២នាក់ គឺជាមុខសញ្ញាធ្វើសកម្មភាពឆក់ ដ៏សាហាវអាចហៅថា ជាចោរឆក់ «អាជីព» ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ដោយរូបគេទាំង ២នាក់ ធ្លាប់ធ្វើសកម្មភាពឆក់ជាច្រើនឆ្នាំ ច្រើនលើក ហើយថែមទាំងធ្លាប់ឆក់បានសម្រេចជាទឹកប្រាក់ ខ្ទង់ម៉ឺនដុល្លារ ។

១/ ឈ្មោះ ស៊ុន ម៉េងស៊ឺ ភេទប្រុស អាយុ ១៦ឆ្នាំ
២/ ឈ្មោះ ហួត ឆៃណា ភេទប្រុស អាយុ ១៦ឆ្នាំ

ដំណើររឿងហេតុ៖ ពួកគេត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ប្រដេញតាមឃាត់ខ្លួនបានភ្លាមៗ ខណ:ដែលរូបគេព្យាយាមជិះម៉ូតូ រត់គេចខ្លួនពីសមត្ថកិច្ច ក្រោយពេលដែលពួកគេ បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៥៨នាទី ត្រង់ចំណុចផ្លូវលេខ២១៤ កែង៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ០២នាក់ សារភាពឲ្យដឹងដូចៗគ្នា មុនចេញធ្វើសកម្មភាពឆក់ពួកគេបានទៅផឹកស៊ីនៅផ្ទះមិត្តភក្តិឈ្មោះ អាសង់តា នៅខណ្ឌឬស្សីកែវ បន្ទាប់ពីផឹកស៊ីហើយពួកគេ បានបបួលគ្នា ដើររកឆក់សម្ភារ:មានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ដោយជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដា ប៊ីត ពណ៌ផ្កាឈូកលាយស ស្លាកលេខ ភ្នំពេញ 1AQ-9712 លុះពេលជិះដល់ផ្លូវលេខ២១៤ មុខខារ៉ាអូខេ X2 ពួកគេឃើញជនជាតិចិនប្រហែល ០៦នាក់ និងមានយួរកាបូបជាប់ដៃ ជាឱកាសល្អ រូបគេទាំង ០២នាក់ បានជិះទៅក្បែរហើយ ឆក់យកកាបូបពីដៃជនរងគ្រោះបានសម្រេច តែត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញឃើញ បានប្រដេញតាមភ្លាមៗ ហើយពួកគេបានព្យាយាមជិះរត់គេចខ្លួនពីសមត្ថកិច្ច តែពុំអាចគេចខ្លួនរួចនោះទេ។

រូបគេទាំង ០២នាក់ ប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្នុងអំឡុងឆ្នាំ២០១៩ ពួកគេ ធ្លាប់បានធ្វើសកម្មភាពឆក់សម្ភារ:មានតម្លៃពីប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ ចំនួន ០៥លើកមកហើយ។
-លើកទី១៖ ឆក់បានទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Oppo នៅមុខព្រះបរមរាជវាំង
-លើកទី២៖ ឆក់បានទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Iphone7 ពីជនជាតិចិន នៅម្តុំផ្សារកណ្តាល
-លើកទី៣៖ ឆក់បានកាបូប របស់ជនជាតិចិន នៅម្តុំលុច្សសារី ផ្លូវ២១៤ កែង៦៣
-លើកទី៤៖ ឆក់មិនបានសម្រេច នៅម្តុំផ្សារកណ្តាល
-លើកទី៥៖ ឆក់កាបូបជនជាតិបារាំង មិនបានសម្រេច។

ចំណែកឈ្មោះ ហួត ឆៃណា បានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា កាលអំឡុងឆ្នាំ២០១៥ ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់សម្ភារ:មានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានសម្រេច ១៥០លើក ហើយភាគច្រើនរូបគេធ្វើសកម្មភាពឆក់ក្នុងភូមិសាស្រ្តខណ្ឌទួលគោក ក្នុងនោះ ០២លើក ដែលរូបគេចាំ គឺ
-លើកទី១៖ ឆក់បានប្រាក់ ១៥,០០០ដុល្លារអាមេរិក ពីជនរងគ្រោះពីរនាក់ ជាប្តីប្រពន្ធ
-លើកទី២៖ ឆក់បានទូរស័ព្ទដៃ ០១គ្រឿង នៅមុខវត្តសំរោងអណ្តែត៕

មតិយោបល់