ភ្នំពេញៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទ ប្រើអំពើហិង្សាលើស្ត្រីម្នាក់ជា អតីតប្រពន្ធដើមរបស់ខ្លួនកាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងឃ្លាំងទំនិញមួយ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុន សារុន អាយុ ៤៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះ ញឹប ស្រីម៉ុម អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្បែរចំណុចផ្ទះកើតហេតុខាងលើ ផ្ទះលេខ៨៤ ផ្លូវលេខ២៧១ ភូមិអូរបែកក្អម។
ដំណើររឿង៖ នៅពេលកន្លងមកភាគីទាំងពីរនាក់ជាប្តីប្រពន្ធនឹងគ្នារៀបការ កាលពីឆ្នាំ២០០៤ បានកូនប្រុសចំនួន ៣នាក់ ក្រោយមកពួកគេមានការមិនចុះសម្រុង នឹងគ្នាតែងតែឈ្លោះប្រកែកគ្នាជាញឹកញយ រហូតខាងស្រីប្តឹងទៅតុលាការសុំលែងលះគ្នា ហើយតុលាការបានសម្រេចចេញដីកាផ្តាច់សង្វាស់ជាប្តីប្រជាពន្ធផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ហើយរស់នៅបែកគ្នានិងរកស៊ីផ្សេងៗគ្នា។
លុះមកដល់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បុរសជាអតីតប្តីបានចូលមកក្នុងឃ្លាំងទំនិញរបស់អតីតឪពុកក្មេក ដើម្បីចង់ទិញនិងមកមើលកូនផងដែរ ប៉ុន្តែនៅពេលនោះក៏បានជួបនាង ជាអតីតប្រពន្ធទំនងជាចង់ជួបសាសងឡើង ក៏បានដេញកម្មករឲ្យចេញពីឃ្លាំងទំនិញ ប៉ុន្តែត្រូវបាននាងបញ្ជាមិនឲ្យចេញ និងបានស្រែកខ្លាំងៗមកលើបុរសជាអតីតប្តី (ជនសង្ស័យ) នៅគ្រានោះបុរសជាប្តីបានវាយមកលើនាង ត្រូវមុខមួយដៃបណ្តាលឲ្យប៉ោងថ្គាមម្ខាងជាហេតុបណ្តាលឲ្យមានរឿងកាន់តែវែងឆ្ងាយគឺ បានហៅប៉ូលិសឲ្យមកឃាត់ខ្លួនបុរសជាអតីតប្តី និងបានបើករូបភាពក្នុងកាមេរ៉ាសុវត្ថិភាព ឲ្យប៉ូលិសបានឃើញជាភស្តុតាង ដើម្បីដាក់បន្ទុកចោទប្រកាន់តាមផ្លូវច្បាប់។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់