ព័ត៌មានជាតិ

(មានវីដេអូ) រូបសត្វហង្សនៅខាងមុខផ្សារវាលយន្តក្រុងស្វាយរៀងត្រូវគេយកសំរាមចាក់គរព័ទ្ធជុំវិញ

ស្វាយរៀង: រយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋ អាជីវករ រួមនិងអ្នកដែលចូលមកទិញទំនិញក្នុងផ្សារវាលយន្តមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះសំរាម និងកាកសំណល់ផ្សេងៗដែលគេយកមកចាក់ចោលនៅជុំវិញរូបហង្សខាងមុខផ្សារវាលយន្តក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើតាមពលរដ្ឋបានឲ្យដឹងថា កាលពីមុនរូបសត្វហង្សនេះ ពុំមានអ្នកយកសំរាម ឬ កាកសំណល់យកមកចាក់នោះទេ ក៏ប៉ុន្តែ មួយរយៈពេលកន្លងទៅនេះ គេសង្កេតឃើញមានសំរាម រួមនិងកាកសំណល់ផ្សេងៗត្រូវបានគេយកមកចាក់ព័ទ្ធជុំវិញរូបសំណាកសត្វហង្សយ៉ាងរំភើយ ហាក់ដូចជាកន្លែងនេះ ជាកន្លែងចាក់សំរាម ឬ កាកសំណល់ផ្សេងៗអញ្ចឹង។ប្រភពដដែលបានឲ្យដឹងទៀតថា៖ មិនត្រឹមតែសំរាម និងកាកសំណល់ផ្សេងៗនោះទេថែមទាំងមានគេយកស្បែកជើងយកមកចងព្យួរហាលនៅខាងលើរូបសំណាក់សត្វហង្សនោះផងដែរ ប្រហែលជាគេធ្វើដូច្នេះ ដើម្បីស្រូបទាក់ទាញភ្លៀវទេសចរណ៍ឲ្យមកចូលទិញមុខទំនិញនៅក្នុងផ្សារមួយនេះហើយមើលទៅ និងជាពិសេសនោះ ចង់បង្អួតមុខមាត់ខេត្តដែលកំពុងអនុវត្តន៍គោលនយោបាយប្រឡងប្រណាំទីក្រុងស្អាតផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះ នាពេលកន្លងមកលោកអភិបាលខេត្តស្វាយរៀងតែងតែជំរុញឲ្យមន្ទីរជំនាញ ឬ មន្ត្រីជំនាញដែលមានការពាក់ព័ន្ធទាំងអស់ឲ្យយកចិត្តទុកដាក់ចំពោះបរិស្ថានអនាម័យសណ្តាប់ធ្នាប់ជុំវិញផ្សារនានានៅទូទាំងខេត្ត ដើម្បីកុំឲ្យមានបញ្ហាណាមួយកើតមានឡើងឲ្យសោះ ត្រូវចេះសម្របសម្រួលដោះស្រាយធ្វើយ៉ាងណាកុំឲ្យមានភាពអនាធិបតេយ្យកើតមានឡើងនាំឲ្យមានការប៉ះពាល់ទៅដល់គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ។

លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀងធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចការថែរក្សាអនាម័យបរិស្ថាននៅជុំវិញផ្សារនិមួយៗ ជាបន្ទុករបស់អ្នកម៉ៅការភាស៊ី និងអ្នកប្រមូលសំរាម ហើយនាពេលកន្លងមក លោកក៏ធ្លាប់បានក្រើនរំលឹកឲ្យគិតគូបញ្ហាទាំងអស់នេះផងដែរ ក៏ប៉ុន្តែ មិនដឹងថា ជាមានមូលហេតុអ្វីនោះទេ ទើបមានបញ្ហានេះកើតឡើង លោកនឹងឲ្យមន្ត្រីចុះទៅមើលនាពេលខាងមុខ។
លោក កើត សារឿន ប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងបានមានប្រសាសន៍ឲ្យដឹងថា ករណីខាងលើនេះ វាមិនមានការពាក់ព័ន្ធជាមួយនិងមន្ទីរបរិស្ថានខេត្តស្វាយរៀងនោះទេ គឺមានតែខាងសាលាក្រុងស្វាយរៀងហើយ និងអ្នកម៉ៅការភាស៊ីតែប៉ុណ្ណោះ ដែលប្រឈមចំពោះមុខច្បាប់។

សូមបញ្ជាក់ផងដែរថា នាពេលកន្លងមកគេឧស្សាហ៍សង្កេតឃើញលោក ឈីវ សារ៉ន់ អភិបាលរងក្រុងស្វាយរៀងចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារវាលយន្តជារឿយៗផងដែរ ក៏ប៉ុន្តែហាក់ដូចជាវែកចកអញ្ចឹងសមត្ថកិច្ចចេញផុត គឺដដែលជាដដែលបញ្ហាសំខាន់ គឺជាអ្នកម៉ៅការភាស៊ីជាអ្នកទទួលខុសត្រូវជាចំបង។ ពាក់ព័ន្ធករណីខាងលើនេះ លោកស្រី សូរ ថាវី ជាអ្នកម៉ៅការភាស៊ីផ្ដសារវាលយន្តបានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា មានគេយកសំរាមមកដាក់នៅពេលព្រឹក ហើយល្ងាចមានក្រុមអ្នកមកយកសំរាមយកដឹកចេញជារៀរាល់ថ្ងៃ៕

មតិយោបល់