ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈម្នាក់ទៀតរត់គេចបាត់ស្រមោល

ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ៣គ្រឿង នាំគ្នាធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីជនជាតិចិន បានសម្រេចចំណុចមុខមន្ទីរសម្រាក ស័ង្កម៉ារី ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ប៉ូលិសដេញតាមស្រែកផ្អើលមួយខណ្ឌ ត្រូវបានកម្លាំងខណ្ឌសែនសុខ ជួយស្ទាក់ដេញចាប់បាន២នាក់ ម៉ូតូ២គ្រឿង ក្បែរវត្តសំរោងអណ្តែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រួចប្រគល់ចោរឲ្យទៅខណ្ឌពោធិ៍សែនជ័យវិញ ។

ជនសង្ស័យ២នាក់ចាប់ខ្លួនបាន ទី១/ឈ្មោះ ឆេន ពេជ្រ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ដើរឆក់ មានទីលំនៅផ្ទះលេខ៨០ បុរីចំការដូង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ទី២/ឈ្មោះ អ៊ី លឹមងួន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិ ភូមិអង្គស្លែង សង្កាត់ឪឡោក ខណ្ឌកំបូល ។ ចំណែកបក្ខពួកម្នាក់ទៀត ជិះម៉ូតូ ឃ្លីក រត់គេចបាត់ មានឈ្មោះ ម៉េង អាយុ ២០ឆ្នាំ ។
សមត្ថកិច្ចដកហូតបានម៉ូតូ២គ្រឿង៖ មួយគ្រឿងម៉ាក ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-2850 និងមួយគ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-5846 ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនសង្ស័យ ៣នាក់ ជិះម៉ូតូ៣គ្រឿង ឃ្លីក២គ្រឿង ស្កុបពីមួយគ្រឿង បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីបុរសជនជាតិចិនម្នាក់ នៅតាមផ្លូវសហព័ន្ធរុស្សី បានសម្រេចហើយនាំគ្នាជិះរត់គេច ភ្លាមៗ ត្រូវបានកម្លាំងល្បាត របស់ខណ្ឌពោធិ៍សែនជ័យ ប៉ុស្តិ៍ប្រទះឃើញជាក់ស្តែងប្រដេញតាម ជនសង្ស័យរត់ឆ្លងចូលទឹកដីខណ្ឌសែនសុខ រត់ជិតដល់វត្តសំរោងអណ្តែត ត្រូវបានកម្លាំងប៉ូលិសខណ្ឌសែនសុខ ស្ទាក់ចាប់ខ្លួនបាន២នាក់ ម៉ូតូ២គ្រឿង ប្រគល់ឲ្យប៉ូលិសខណ្ឌពោធិ៍សែនជ័យ ។

សូមបញ្ជាក់ផងដែរ ជនរងគ្រោះ ក្រោយពីក្រុមចោរឆក់ ធ្វើសកម្មភាពរួចបានចាកចេញទៅបាត់ ចំណែកជនសង្ស័យ២នាក់ ម៉ូតូ២គ្រឿង និងទូរស័ព្ទរបស់ជនរងគ្រោះ សមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍កាកាប២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ៕

មតិយោបល់