ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញសម្រេចបិទអាជីវកម្មមួយកន្លែងរបស់ជនជាតិចិនដែលបើក ប្រកបអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ

ភ្នំពេញៈ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ រួមជាមួយ លោកស្រី នាយិការទីចាត់ការអន្តរវិស័យរាជធានីភ្នំពេញ លោកស្រី ប្រធានអង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ តំណាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ តំណាងសាខាកាំកុងត្រូល ព្រមទាំងមានរថយន្តពិសោធន៍ចល័ត បានបន្តចុះត្រួតពិនិត្យផលិតផលទំនិញដែលក្រុមការងារបានឃាត់ទុកកាលពីម្សិលមិញ មានទីតាំងផ្ទះលេខ៨៨ បណ្ដោយមហាវិថីព្រះនរោត្តម ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយម្ចាស់អាជីវកម្មខាងលើ ជាជនជាតិចិន បាននាំយកទំនិញជាកញ្ចប់ធំៗ និងទឹកប៊ីដុងមួយចំនួន យកមកប្រកមអាជីវកម្ម ដោយពុំមានច្បាប់ត្រឹមត្រូវ ។

ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថា៖
១- ម្ចាស់អាជីវកម្មបានសហការយ៉ាងល្អ និងកំពុងរុះរើស្លាកអាជីវកម្មរបស់ខ្លួន ដែលក្រុមការងារបានណែនាំកាលពីម្សិលមិញ។
២- បានសម្រេចបិទអាជីវកម្ម នេះទាំងស្រុងដោយមូលហេតុពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។
៣- ក្រោយពិនិត្យលើសំណាកចំនួន០៧មុខ លើទំនិញចំនួន១៨មុខ ឃើញថាពុំមានសារធាតុគីមី ឬសារធាតុញៀន ទំនិញនៅសល់ចំនួន ១១ មុខទៀតត្រូវបញ្ជូនទៅពិនិត្យនៅមន្ទីរពិសោធន៍ធំ ក្នុងករណីពិនិត្យទៅឃើញថាទំនិញទាំង១១ មុខនោះមានភាពមិនប្រក្រតី ម្ចាស់ទំនិញត្រូវប្រគល់ទំនិញទាំងនោះមកស្ថាប័នមានសមត្ថកិច្ចដោយឥតលក្ខខណ្ឌ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។
៤-ចំពោះលទ្ធផលទំនិញទាំង១១មុខនឹងបង្ហាញក្នុងរយៈពេលមួយសប្តាហ៍ ក្នុងករណីប្រសិនបើគ្មានបញ្ហានោះទេអាជ្ញាធរ នឹងប្រគល់សម្ភារៈទាំងនោះជូនម្ចាស់ទំនិញវិញទាំងអស់៕

មតិយោបល់