ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ នៅផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោងជិត១០ និង០០នាទីព្រឹកថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១២-២១៣។
រថយន្ត០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-6382 ធ្វើដំណើរចូលក្រុងព្រះសីហនុ (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បើករថយន្តគេចខ្លួនបាត់) បានបុកពីក្រោយ ម៉ូតូ ០១គ្រឿង ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 1I-9620 ដែលមានទិសដៅស្របគ្នា បើកបរដោយឈ្មោះ នាក់ ខុម ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភ្នំលាវ ឃុំភ្នំលាវ ស្រុកដំណាក់ចង្អើរ ខេត្តកែប និងអ្នករួមដំណើរម្នាក់ទៀត( មិនទាន់ស្គាល់អត្តសញ្ញាណ)។
ករណីនេះ បណ្ដាលឲ្យ ឈ្មោះ នាក់ ខុម អ្នកបើកបរម៉ូតូ HONDA-DREAM របួសមធ្យម និងអ្នករួមដំណើរជាមួយម៉ូតូ( មិនទាន់ស្គាល់អត្តសញ្ញាណ) បានស្លាប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នសាកសពសមត្ថកិច្ច កំពុងស្រាវជ្រាវរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីយ៍ រីឯជនរងគ្រោះ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន ៨៨៨ ក្រុងព្រះសីហនុ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូទាំងពីរ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕
មតិយោបល់