ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមក្មេងទំនើង បង្កអុកទ្បុក និងវាយបុរសម្នាក់ បណ្ដាលឲ្យរងរបួស នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៦និង ៣០នាទីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចវត្តសមាធិផល ហៅវត្តលោកយួន ស្ថិតក្នុងភូមិបួន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាំង សុភ័ក្រ នាយការិយាល័យប្រតិបត្តិការ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជាក់ស្តែង ករណីហិង្សាដោយចេតនា និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់។

ជនសង្ស័យខាងលើ៖១-ឈ្មោះ សឿង រដ្ឋា ភេទ ប្រុស អាយុ ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ២-ឈ្មោះ មូល សុវណ្ណដារ៉ា ភេទ ប្រុស អាយុ ២២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ៣-ឈ្មោះ ហ៊ាន ដារ៉ា ភេទ ប្រុស អាយុ ២១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ។

ក្រោយពីធ្វើការឃាត់ខ្លួនបាន កម្លាំងអន្តរាគមន៍ បានប្រគល់ជនសង្ស័យទៅការិយាល័យបទល្មើសព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ៖ យោងតាមការបំភ្លឺ របស់ជនរងគ្រោះឈ្មោះ អៀម ភ័ក្រ្តា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិកំណប់ ឃុំស្លរក្រាម ស្រុកស្វាយចេក បានប្រាប់សមត្ថកិច្ចឲ្យដឹងថា៖ នៅវេលាម៉ោងប្រមាណ ៤ និង ៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ខ្លួននិងមិត្តភក្តិ បានទៅអង្គុយលេងនៅលើខ្នងអាងខាងក្រោយសាលាក្រុងសិរីសោភ័ណ ស្ថិតនៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ លុះដល់ម៉ោងប្រមាណ ៦ និង ០០នាទីល្ងាច ខ្លួននិងមិត្តភក្តិបានចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន ហើយខ្លួនបានបន្តដំណើរទៅលេងក្នុងទីរួមខេត្ត តាមបណ្តោយផ្លូវជាតិលេខ៥៦ លុះជិះដល់ចំណុចគ្លីនិកទេវិន្ទរក្សាសុខ ស្រាប់តែមានក្មេងទំនើង ០១ក្រុម ជិះម៉ូតូ ០១គ្រឿង ម៉ាកឌ្រីម ពណ៌ស មកឈប់ស្ទាក់ពីមុខម៉ូតូរបស់ខ្លួន ហើយបានស្ទុះមកវាយខ្លួន ដោយប្រើវត្ថុមុតស្រួច បណ្តាលឲ្យរងរបួសចំថ្ពាល់ខាងឆ្វេង០១កន្លែង ពេលនោះខ្លួន បានជិះម៉ូតូគេចបំណងមកដាក់ពាក្យបណ្តឹង នៅទីបញ្ចាការកងរាជអាវុធហត្ថខេត្ត លុះជិះមកដល់មុខទីបញ្ចាការកងរាជអាវុធហត្ថខេត្ត ស្រាប់តែក្រុមក្មេងទំនើងដដែល ជិះតាមមកវាយខ្លួនបន្ថែមទៀត ខណៈនោះ កម្លាំងកងរាជអាវុធហត្ថ បានចេញមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបន្តថា ៖ ដោយឃើញបទល្មើសកើតឡើង នៅចំពោះមុខ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចេញអន្តរាគមន៍ដេញចាប់ប្រផាប់ប្រភីញ រហូតដល់ចំណុចវត្តសមាធិផល ទើបអាចឃាត់ខ្លួនជនសង្ស័យបាន។

បន្ទាប់ពីឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យបានសារភាពថា ៖ ខ្លួននិងបក្ខពួកបាននាំគ្នា ទៅអង្គុយលេងនៅចំណុចអាងទឹកខាងលើនោះផងដែរ ក្រោយមកមានម៉ូតូជាច្រើនគ្រឿង ជិះចេញមកខាងក្រៅ ហើយឮសំទ្បេងស្រែកជេរថា (អាចុយម៉ាយ) ហើយក្រុមខ្លួន ក៏ជិះម៉ូតូដេញតាមមកវាយតែម្តង។

ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថា មានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យខាងលើអាចត្រូវចោទពីបទ ហិង្សាដោយចេតនា ។

បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់