ព័ត៌មានជាតិ

បង្ក្រាបកាណូតដឹកឈើបង្កប់ពីក្រោមថ្មគ្រួស១គ្រឿង សង្ស័យចរចាមិនត្រូវគ្នា ទើបអូសយកចូលកន្លែងមេព្រៃ

ត្បូងឃ្មុំៈ ទូកកាណូតដឹកឈើបង្កប់នៅពីក្រោមគ្រួស១គ្រឿង ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយកម្លាំងអាវុធហត្ថ ចុះធ្វើការបង្ក្រាបនៅក្បែរស្ពានគីហ្សូណា ហើយរឹបអូសយកចូលក្នុងឃ្លាំងរដ្ឋបាលព្រៃឈើទន្លេបិទ កាលពីព្រឹកថ្ងៃទី១៨ កក្កដា ២០១៦នេះ ត្រូវបានគេសង្ស័យថា មានការចរចាស្ងាត់ៗរវាងក្រុមឈ្មួញឈើ ជាមួយសមត្ថកិច្ចតែមិនត្រូវរ៉ូវគ្នា ។

ប្រភពបានឲ្យដឹងថា ទូកកាណូតដឹកគ្រួស បង្កប់ឈើអារជាច្រើនម៉ែត្រគូបនេះ ជារបស់មេឈ្មួញដុះស្លែម្នាក់ឈ្មោះហាក់ ដឹកមកពីខេត្តក្រចេះចុះតាមខ្សែទឹកហូរ គោលបំណងឆ្ពោះទៅកាន់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តែត្រូវសមត្ថកិច្ចបង្ក្រាបបាននៅចំណុចក្បែរស្ពានគីហ្សូណា ហើយអូសយកទៅផុតពីកន្លែងស្នាក់ការមេព្រៃ ប្រមាណជាង២គីឡូម៉ែត្រ កាលពីយប់អាធ្រាត្រឈានចូលថ្ងៃទី១៧ កក្កដា ដែលគេសង្ស័យថា មានការចរចាមិនត្រូវរ៉ូវគ្នា និងបែកការដឹងដល់អ្នកសារព័ត៌មាន ទើបល្ងាចឡើងថ្ងៃទី១៧កក្កដា ទូកកាណូតបង្កប់ឈើខាងលើ ត្រូវបាននាំយកមកចំណុចកំពង់សាឡាងចាស់ ស្ថិតក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ជាប់ក្បែរស្នាក់ការរដ្ឋបាលព្រៃឈើ។

នៅព្រឹកថ្ងៃទី១៨ កក្កដានេះ ដោយមានការឯកភាពពីប្រព័ន្ធផ្លូវច្បាប់ សមត្ថកិច្ចបានយកគ្រឿងចក្រ មកចូកយកគ្រួសចេញ ដើម្បីរើឈើសុក្រំ ស្រឡៅ និងឈើជាច្រើនប្រភេទទៀត យកទៅរក្សាទុកក្នុងឃ្លាំងរង់ចាំធ្វើការវាស់វែងជាក្រោយ ។ ទោះជាយ៉ាងណារហូតមកដល់ល្ងាចថ្ងៃទី១៨ កក្កដានេះ ឈើនៅក្នុងទូកត្រូវបានកម្មករជញ្ជូនចូលទៅក្នុងឃ្លាំងមិនទាន់រួចរាល់នៅឡើយទេ៕

មតិយោបល់