ព័ត៌មានជាតិ

ខឹងទាក់ទងសង្សារខ្លួន ប្រើល្បិចហៅមកសងលុយក្នុងបន្ទប់ យកកាំបិតភ្ជង់ រួចដាល់ ហើយបង្ខាំងទុក ចុងក្រោយខ្នោះ

កណ្ដាលៈ កាលពីវេលាម៉ោង ១១ និង២០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនាមួយ នៅចំណុចបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ទ្រឿង យ៉ាំងគឿង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិ-ឃុំកើតហេតុ មុខរបរ អ្នកម៉ៅការសំណង់។ ជនសង្ស័យឈ្មោះ ចាង ឈិនលាន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ-ឃុំកើតហេតុ មុខរបរ មេការសំណង់ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក ៖ កូនកាំបិតចុងស្រួច ០២ មានដង ០១ និងគ្មានដង ០១។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ ជនសង្ស័យ បានទូរស័ព្ទហៅជនរងគ្រោះ ឲ្យទៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន ដើម្បីទូទាត់ប្រាក់ថ្លៃឈ្នួល ។ នៅពេលដែលជនរងគ្រោះ បានទៅដល់ ក្នុងបន្ទប់របស់ជនសង្ស័យ ស្រាប់តែជនសង្ស័យ បានបិទទ្វារបន្ទប់ រួចបានយកកូនកាំបិតចុងស្រួច ភ្ជង់កជនរងគ្រោះ និងបានយកដៃដាល់ និងធាក់ជនរងគ្រោះ ដោយសារតែខឹងជនរងគ្រោះ លួចទាក់ទងសង្សារបស់ខ្លួន។

បន្ទាប់មកជនសង្ស័យបានបង្ខាំង ជនរងគ្រោះទុកក្នុងបន្ទប់ មិនឲ្យចេញក្រៅ ក្រោយមកដោយមានការរាយការណ៍ ពីប្អូនប្រុសជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍សំពៅពូន និងមន្ត្រី ជំនាញស្រុក បានចុះដល់កន្លែងកើតហេតុ រួចបាននាំខ្លួនជនសង្ស័យ និងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការ តាមនីតិវិធី៕

មតិយោបល់