ព័ត៌មានជាតិ

បេក្ខជន បេក្ខនារី ដែលពុំមានលទ្ឋភាពធ្វើដំណើរ ស្នាក់នៅនិងហូបចុក សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៩នេះត្រូវបានជួយដោះស្រាយពីរដ្ឋបាលខេត្តសៀមរាប

សៀរាបៈ យោងតាមផេកមន្ទីរព័ត៌មានខេត្តសៀមរាបឲ្យដឹងថាកាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការៀបចំសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ ហើយជាមួយគ្នានោះ រដ្ឋបាលខេត្តបានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត , បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត , មន្ទីសុខាភិបាលខេត្ត , អង្គភាពអគ្គីសនីខេត្ត និងរដ្ឋបាលក្រុងស្រុក ដោយសហការជាមួយមន្ទីរអប់រំយុវជននិងកីឡា ខេត្ត ដើម្បីរៀបចំផែនការការងារ ជួយសម្រួលទាំងមុន និងអំឡុងពេលប្រឡងឱ្យដំណើរការប្រឡង ប្រព្រឹត្តិទៅបានល្អប្រសើរ ព្រមទាំងយកចិត្តទុកដាក់ជួយសម្រួល លើការស្នាក់នៅ ឬជួយជ្រោមជ្រែងជាមធ្យោបាយផ្សេងៗ ដល់សិស្សានុសិស្សដែលពុំមានលទ្ឋភាព ឬពិបាកក្នុងការរកកន្លែងស្នាក់នៅ ឬធ្វើដំណើរមកប្រឡងនៅតាមមណ្ឌលក្នុងក្រុងសៀមរាប។

ជាលទ្ធផលនោះ គឺ ៖
១. រដ្ឋបាលស្រុកពួក បានជួយសម្រួលដោះស្រាយថ្លៃកន្លែងស្នាក់នៅមួយកន្លែង សម្រាប់បេក្ខជនចំនួន ០១នាក់ ក្នុងចំណោមបេក្ខជនចំនួន៨៨១នាក់ ដែលខ្វះលទ្ឋភាព ។
២. រដ្ឋបាលស្រុកវ៉ារិ បានជួយសម្រួលដោះស្រាយថ្លៃស្នាក់នៅ ជូនបេក្ខជននិងបេក្ខនារីចំនួន ០២នាក់ ក្នុងចំណោមបេក្ខជនចំនួន១៧៤នាក់ ដែលក្នុងមួយនាក់ ទទួលបានថវិកាចំនួន៣០ម៉ឺនរៀល ។
៣. រដ្ឋបាលស្រុកស្វាយលើ បានជួយសម្រួលដោះស្រាយឧបត្ថម្ភជាថវិកាលើថ្លៃស្នាក់នៅ និងហូបចុកដល់ បេក្ខជន បេក្ខនារីចំនួន០៥នាក់ ក្នុងចំណោមបេក្ខជនចំនួន៧១នាក់ ។
៤. ស្រុកសូទ្រនិគម និង អង្គការCWCC បានការជួយឧបត្ថម្ភសិស្សមកពីវិទ្យាល័យសំរោងចំនួន២៣នាក់ ក្នុងចំណោមបេក្ខជនចំនួន៥២៩នាក់ មកពីវិទ្យាល័យចំនួន២ ដែលក្នុងមួយនាក់ទទួលបានថវិកាចំនួន៣២ដុល្លារ។
៥. ស្រុកជីក្រែងជួយឧបត្ថម្ភនិងដោះស្រាយថវិកាស្នាក់នៅ ដល់បេក្ខជនចំនួន១៣នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន៣៦៨ស្រី ។
៦. ស្រុកប្រាសាទបាគង បានការជួយឧបត្ថម្ភដល់បេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជនសរុប៦៦០នាក់ នូវថវិកាចំនួន៣០ម៉ឺនរៀល និងការហូបចុកសម្រាប់បីថ្ងៃ ។
៧. ស្រុកអង្គរធំ ជួយឧបត្ថម្ភដោះស្រាយទៅលើការធ្វើដំណើរ ម្ហូបអាហារ និងកន្លែងស្នាក់នៅចំនួន២កន្លែង ដល់បេក្ខជនចំនួន៨១នាក់ ក្នុងចំណោម បេក្ខជនសរុប១៦៧នាក់ ។
៨. បេក្ខជនមកពីស្រុកស្រីស្នំទាំងអស់ សរុបចំនួន២០៩នាក់ ទទួលបានការសម្របសម្រួល និងរៀបចំឱ្យស្នាក់នៅមជ្ឈមណ្ឌលអប់រំ បច្ចេកទេសមិត្តភាពខ្មែរជប៉ុន ក្នុងសាលាគរុកោសល្យនិងវិក្រិតការខេត្ត។

ដោយឡែកសម្រាប់រយៈពេលនៃដំណើរការប្រឡង សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តសៀមរាប បានជួយសម្រួលទីតាំងទុកកង់ម៉ូតូដោយឥតគិតថ្លៃ នៅតាមមណ្ឌលប្រឡងទាំង១៣ក្នុងក្រុងសៀមរាប។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩ និង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ មានបេក្ខជនសរុបចំនួន ៨.៤២៨ នាក់ ក្នុងនោះស្រីចំនួន៤.៦៨៩នាក់ មាន១៣ មណ្ឌល ស្មើនឹង៣៨៤បន្ទប់ កើនឡើងចំនួនមួយមណ្ឌល ខណៈឆ្នាំ ២០១៨ មានតែ១២មណ្ឌល ដោយចែកចេញជា២ផ្នែក គឺ ៖ ទី១. ផ្នែកវិទ្យាសាស្ត្រពិត មាន៤មណ្ឌល ស្មើនឹង ១១៨បន្ទប់ មានបេក្ខជនចំនួន ២.៩៤៤ នាក់ ក្នុងនោះស្រីមានចំនួន ១.៧០៧ នាក់ និង ទី២. ផ្នែកវិទ្យាសាស្ត្រសង្គម មាន០៩ មណ្ឌល ស្មើនឹង១៣០ បន្ទប់ មានបេក្ខជនចំនួន៥.៧៧០នាក់ ៕

មតិយោបល់