ព័ត៌មានជាតិ

(មានវីដេអូ) នាំខ្លួនជនជាប់ចោទជាអតីតព្រះចៅអធិការវត្ត ពាក់ព័ន្ធរត់ពន្ធគ្រឿងញៀនមកផ្ដិតមេដៃជាថ្មីលើវត្ថុតាង

ស្ទឹងត្រែងៈ ជនជាប់​ចោទ​ម្នាក់ ជាព្រះចៅអធិការវត្តឈ្មោះ ម៉ៃ សំអឿន ពាក់ព័ន្ធរត់ពន្ធគ្រឿងញៀន ត្រូវបានសមត្ថកិច្ចនាំខ្លួនមកផ្ដិតមេដៃជាថ្មីលើវត្ថុតាងថ្នាំញៀននៅក្នុងតុលាការ បន្ទាប់ពីជាប់ឃុំនៅក្នុពន្ធនាគាររយៈពេល១២ថ្ងៃ​ បន្ទាប់​ពី​កម្លាំង​ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនប្រភេទម៉ាទឹកកក១កញ្ចប់ធំមានទម្ងន់ជិត១គីឡូក្រាម ត្រូវបានតុលាការសម្រេចឃុំខ្លួននៅក្នុងពន្ធនាគារខេត្តអស់រយៈពេលជាង១០ថ្ងៃមកនេះ កាល​ពីវេលាម៉ោងជិត៤ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦​ ត្រូវបានកម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀនស្នងការ បាននាំខ្លួនមកផ្ដិតមេដៃលើវត្ថុតាងថ្នាំញៀន ជាថ្មីនៅក្នុងតុលាការសាលាដំបូងខេត្ត ដែលមានការចូលរួមពីអ្នកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង។

​ជុំវិញករណីដែលកម្លាំងសមត្ថកិច្ចបាននាំខ្លួន ជនត្រូវចោទឈ្មោះ ម៉ៃ សំអឿន នាំមកឲ្យផ្ដិតមេដៃនៅក្នុងតុលាការ​ ត្រូវបានលោក សាន និម៉ុល ស្នងរងទទួលបន្ទុកប្រឆាំង បទល្មើសសេដ្ឋកិច្ច និងកិច្ចការគ្រឿងញៀននៃស្នងការខេត្តបានឲ្យ​​ដឹង​ថា ការនាំខ្លួនជនត្រូវចោទមកផ្ដិតមេដៃខាងលើនេះ គឺជានិតិវិធីរបស់សមត្ថកិច្ច ដើម្បីដកយកសំណាកនៃថ្នាំ ញៀនបញ្ជូនទៅកាន់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ធ្វើការពិសោធន៍រកនៅធាតុសុទ្ធនៃសារធាតុញៀន ដើម្បីកាត់ទោសទៅលើជនត្រូវចោទ។ លោកស្នងការរងបន្តទៀតថា នៅក្នុងសារធាតុញៀន១ គីឡូក្រាម បើពិសោធន៍រកឃើញធាតុសុទ្ធ នៃថ្នាំញៀនចាប់ពី៨០ក្រាមឡើងទៅ ត្រូវដាក់ទោស១ជីវិត។

​ករណីខាងលើនេះត្រូវបាន ប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តស្ទឹងត្រែង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឆ្ងល់ថា កន្លងមកក្រុមឧក្រិដ្ឋជនរកស៊ីជួញដូរថ្នាំញៀនទាំងជនជាតិឡាវ វៀតណាម និងខ្មែរ ត្រូវបានកម្លាំង​នគរបាល និងអាវុធហត្ថបង្ក្រាបបានរាប់សិបករណី គឺមិនដែលឃើញ មានជនជាប់ចោទណាម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកមកផ្ដិតមេដៃលើវត្ថុតាងថ្នាំញៀនដូចករណីជនត្រូវចោទឈ្មោះ ម៉ៃ សំអឿន ជាព្រះចៅអធិការវត្ត ខត្តិយ៉ារ៉ាម ហៅវត្តកណ្ដាលនេះទេ។

មហាជនបានលើកឡើងបន្តទៀតថា កន្លងមក កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃស្នងការខេត្តស្ទឹងត្រែងនេះ បានបង្ក្រាបជនជាតិឡាវម្នាក់ និងរកឃើញនូវថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីនចំនួនជិត២គីឡូក្រាម និងថ្នាំញៀនប្រភេទហេរ៉ូអ៊ីនជាង២គីឡូក្រាម ម្ដេចមិនឃើញនាំខ្លួនមកធ្វើការផ្ដិតមេដៃលើវត្ថុតាង ដើម្បីដកយកសំណាក់ទៅធ្វើការពិសោធន៍ផង។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ករណីខាងលើនេះច្បាស់ជាមានភាពអាថ៍កំបាំង​នៅពីក្រោយសំណុំរឿនជាមិនខាន។ ដូចនេះសូមឲ្យថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញថ្នាក់លើនិងមន្ទីរអធិការកិច្ច ទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា បើកការស៊ើបអង្កេតជុំវិញករណីខាងលើនេះឲ្យបានស៊ីជម្រៅផង៕

មតិយោបល់