ព័ត៌មានជាតិ

សម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាមួយខ្នង ជាអំណោយប្រជាជនជប៉ុន

បន្ទាយមានជ័យ: អគារសិក្សា១ខ្នង បំពាក់ដោយឧបករណ៍គ្រប់បែបយ៉ាង ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាអំណោយរបស់ប្រជាជនជប៉ុន តាមរយ:ស្ថានទូតខ្លួនប្រចាំនៅកម្ពុជា និងតាមរយ:អង្គការសាម៉ារីតាន់ភឺស ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ពិធីសម្ពោធ សាលាបឋមសិក្សាតាដួលឃុំផ្គាំ ស្រុកស្វាយចេក បានធ្វើឡើង កាលពីថ្ងៃទី២០ កក្កដា ២០១៦ ម្សិលមិញនេះ ក្រោមការចូលរួមពីសំណាក់ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកម៉ាត់ស៊ូម៉ូតុ អ៊ីហ្ស៊ូមី លេខាទី២ ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

លោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានលើកឡើងថា  អគារសិក្សា៤ខ្នង គឺនៅបឋមសិក្សាប្រាសាទរ៉ាង ឃុំតាគង់ស្រុកម៉ាឡៃ១ខ្នង នៅសាលាបឋមសិក្សា ខ្លែងពណ៌១ខ្នងសរុប៧បន្ទប់ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ។ លោកបានបន្ដថា ក្នុងខេត្តនេះ ឆ្នាំសិក្សា២០១៥-២០១៦នេះមានសាលាសាធារណ: (របស់រដ្ឋ) ចំនួន៧៧៤ កន្លែង សិស្សសរុប ១៣៩.៩៩៥នាក់។ មានបុគ្គលិកសិក្សាក្របខ័ណ្ឌរដ្ឋ ៥.៨៤៧នាក់,បុគ្គលិកជាប់កិច្ចសន្យា១.១៧៣នាក់ ទៀតដែលជួយបង្រៀនថ្នាក់ផ្គួប បង្រៀន២វេន និងបង្រៀនថ្នាក់អក្ខរកម្ម។

លោក ប៉ាទ្រីច សេកហ្គើ (Mr Patrick Seger) នាយកអង្គការសាម៉ារៅតាន់ ភឺស(SamarotanPurse,International(Cambodia) ប្រចាំប្រទេសកម្ពុជា បានថ្លែងថា នៅកម្ពុជា១៣ឆ្នាំ មកនេះ បានរួមចំណែកជួយការអភិវឌ្ឍន៍សង្គម សុខភាពរបស់ប្រជាជនកម្ពុជាតាមរយ: គម្រោងអប់រំ សុខភាព អាហារូបត្ថម្ភ ទឹកស្អាត អនាម័យ កសិកម្ម និងការការពារ។ក្នុងនោះអង្គការចំណាយ១,៣លានដុល្លា ហើយក្នុងការជួយកែលម្អវិស័យអប់រំដែលអាចឲ្យកុមារមានអនាគតភ្លឺស្វាង។ហើយអង្គការបានផ្តល់នូវសម្ភារ: ជំនួយដល់ការអាន ការរៀនលេខ ឧបករណ៍អេឡិចត្រូនិច បន្ទះសូឡា សម្ភារ: បង្រៀន សៀវភៅរឿង ។

ជាមួយគ្នានោះ លោកក៏បានលើឧទាហរណ៍ថា ក្នុងនាមឪពុកមានកូន២នាក់ អំណោយល្អបំផុតដែលល្អ ខ្ញុំយល់ថា មានតែការអប់រំល្អ ហើយមានគុណភាព។លោកអត់ចង់បានអីត្រឡប់មកវិញទេ ក្រៅពីចង់ឃើញកុមារកម្ពុជាខិតខំរៀនសូត្រ ហើយមានអនាគតល្អ។

ចំណែកលោក ស្ថានទូតជប៉ុនប្រចាំកម្ពុជា ថ្លែងថា តាំងពីសង្គ្រាមផ្ទៃក្នុង(ស៊ីវិល) បានបញ្ចប់ កម្ពុជាបានខិតខំយ៉ាងខ្លាំង ក្នុងការកែលម្អវិស័យអប់រំព្រោះថា វិស័យនេះ ជាកត្តាគន្លឹះសម្រាប់អភិវឌ្ឍន៍ ដ៏ចីរភាព។រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ: គម្រោងការ ជាច្រើនបានផ្តល់ជំនួយឥតសំណង ឧបត្ថម្ភគាំទ្រដល់កម្ពុជា។ក្នុងនោះក៏មានគម្រោងទ្រង់ទ្រាយតូច ឬហៅថាគូសាណូណេ។ដូចអគារនេះ ជាគម្រោងទី៤ ក្នុងខេត្តនេះសម្រាប់គម្រោងគូសាណូណេ។

លោកស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏សូមអាជ្ញាធរ សមត្ថកិច្ចនិងពិសេសក្មួយៗ សិស្សានុសិស្សជួយថែរក្សា អគារនេះ និងខិតខំរៀនសូត្រដើម្បីជាទិសទំនាក់ទំនង ចំណងមិត្តភាព បងប្អូនកម្ពុជា ជប៉ុន យូរអង្វែងតទៅ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ និងកោតសសើរ ម្តងហើយម្តងទៀត នឹងចងចាំជានិច្ចនូវការជួយឧបត្ថម្ភ គាំទ្រ និងផ្តល់ជំនួយឥតសំណងរបស់អង្គការសាម៉ារីតាន់ ភឺស ក៏ដូចប្រជាជនអូស្ត្រាលី នូវែលហ្សេឡង់ អាមេរិក កូរ៉េខាងត្បូង និងជាពិសេសប្រជាជននិងរាជរដ្ឋាភិបាលជប៉ុន ដែលបាននិងកំពុងជួយដល់វិស័យ អប់រំនិងវិស័យដទៃទៀត ដែលសំខាន់ និងចាំបាច់របស់កម្ពុជា៕

មតិយោបល់