ភ្នំពេញៈ សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ បានសម្រេចច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់ជនជាប់ចោទឈ្មោះ ស៊ាង ចែត ដោយបន្តឃុំខ្លួនជនជាប់ចោទឈ្មោះ ស៊ាង ចែត ជាបណ្តោះអាសន្ន តាមសេចក្តីសម្រេចរបស់ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដដែល ក្រោមហេតុផល ថា ដោយសារសំណុំរឿងក្តីកំពុងដំណើរការ ការស៊ើបអង្កេត និងជនជាប់ចោទជាប់ក្នុងបទឧក្រិដ្ឋមិនអាចឱ្យនៅក្រៅឃុំបានទេ។
ជនជាប់ចោទឈ្មោះ ស៊ាង ចែត មានតួនាទីជាមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសម រង្ស៊ី ត្រូវបានលោកស្រី ថ្លាង ផាណែត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ សូកប៉ាន់សាក្សី ម្តាយរបស់កញ្ញា ខុម ចាន់តារ៉ាទី ហីស្រីមុំ ក្នុងទឹកប្រាក់ ៥០០ដុល្លារ ដើម្បីជួយលួងលោមស្រីមុំ កុំឱ្យនិយាយការពិតអំពីចំណងស្នេហារវាងនាង និងលោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែក លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ក៏ត្រូវបានលោក ថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ បានចេញដីកាដាក់ឱ្យស្ថិតក្រោមការត្រួតពនិត្យតាមផ្លូវតុលាការផងដែរ ដោយមិនអនុញ្ញាតឱ្យលោកចាកចេញពីប្រទេសកម្ពុជាឡើយ។
គួររំឮថា ជនជាប់ចោទឈ្មោះ ស៊ាង ចែត ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦កន្លងទៅក្រោយពីអង្គភាពមួយនេះបានរកឃើញថា ជនជាប់បានប្រព្រឹត្តអំពើសូកប៉ាន់ម្តាយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ក្នុងទឹកប្រាក់ចំនួន ៥០០ដុល្លារ ដើម្បីឱ្យម្តាយនាងជួយនិយាយលួងលោមកូនស្រី មិនឱ្យបង្ហាញការពិតពីចំណងស្នេហាស៊ីជម្រៅរវាងនាង និងលោក កឹម សុខា៕
មតិយោបល់