ភ្នំពេញៈ សិស្សជំនាន់ទី១៤ ឆ្នាំសិក្សា ២០១៥-២០១៦ ប្រមាណជាង២០០រូប ត្រូវបានទទួលវិញ្ញាបនបត្របញ្ជាក់កាសិក្សាលើវិស័យទេសចរណ៍ពីសាលាសណ្ឋាគារ សាលាបាយ ខេត្តសៀមរាប ពីលោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍នៅថ្ងៃព្រហស្បត្តិ៍ទី២១នេះ។
ដើម្បីលើកកម្ពស់ជំនាញក្នុងវិស័យទេសចរណ៍សាលាសណ្ឋាគារ និងសាលាបាយ បានរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ឲ្យមានជំនាញវិជ្ជាជីវៈ ពិតប្រាកដ គិតចាប់ពីឆ្នាំ ២០០២ រហូតមកដល់បច្ចុប្បន្នដល់សិស្សានុសិស្សប្រមាណ១២៣៧នាក់ លើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ គេហកិច្ច ចុងភៅ និង ថែទាំសម្ផស្ស ដែលទទួលបានការងារស្ទើរតែទាំងអស់ក្នុងវិស័យនេះ។
ខណៈសមាហរណកម្មតំបន់ និងសកលភាវូបនីយកម្ម ក្រសួងទេសចរណ៍កំពុងអនុវត្តផែនការរយៈពេលខ្លី សំដៅរួមចំណែកសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ២០១២-២០២០ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍អាស៊ានឆ្នាំ ២០១៦-២០២៥ ដូចជា៖ សេវាមួយ ស្ដង់ដាមួយ ,បុគ្គលិកម្នាក់ ជំនាញមួយ ការបង្កើនភាពប្រកួតប្រជែងក្នុងវិស័យទេសចរណ៍ ជំរុញចលនាទេសចរណ៍ក្នុងស្រុក អភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ ជំរុញចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” និង កំណែទម្រង់រដ្ឋបាល និងហិរញ្ញវត្ថុសាធារណៈ។
បើទោះវិស័យទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ សម្រាប់អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍បច្ចុប្បន្នមាន ប្រមាណ ២០ភាគរយប៉ុណ្ណោះបានឆ្លងកាត់ការបណ្ដុះបណ្ដាល។ ឆ្លើយតបនឹងកង្វះធនធាននេះ ក្រសួងទេសចរណ៍បានសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បង្កើតសាលាជាតិបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន២គឺនៅរាជធានីភ្នំពេញនិងនៅខេត្តព្រះសីហនុ។ ដោយឡែកប្រទេសស្វីស ក៏នឹងមានសាលាបណ្ដុះបណ្ដាលជំនាញធ្វើម្ហូប ដែលនឹងដំណើរការនៅដើមឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ៕
មតិយោបល់