ព័ត៌មានជាតិ

Update៖ អាវុធហត្ថរាជធានី សហការជាមួយអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបហាង ចិនម៉ាស្សាបង្កប់សេវាផ្លូវភេទ៤ កន្លែង ឃាត់មនុស្ស២៩នាក់

ភ្នំពេញ: កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបហាងចិនចំនួន៤កន្លែង បង្កប់សេវាផ្លូវភេទឃាត់ជនជាតិចិន និងវៀតណាមចំនួន២៩នាក់។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២០យប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចហាង ៤កន្លែងជិតៗគ្នា ដែលទីតាំងទី១ មានយីហោ កន្លែងសំរាកកាយ ទី២យីហោ អេស៊ាងទីស្បាម៉ាស្សា ទី៣ យីហោ សំរាកលំហែរម៉ាស្សា ទី៤មានយីហោ ម៉ាស្សាផ្ទះក្រហម និងទីតាំងទាំង៤ នៅផ្លូវលេខ១១៣k ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ទីតាំងខាងលើ ជារបស់ជនជាតិចិនជួលបើកហាង ដោយយីហោខាងលើ មានបុគ្គលិកនារីៗ ជាជនជាតិចិន និងវៀតណាមជាច្រើន សង្ស័យទីតាំងខាងលើបង្កបសេវាផ្លូវភេទ។

ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតរហូតចុះទៅបង្ក្រាបជាកស្តែងតែម្តង។

ជាក់ស្ដែងក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន២៩នាក់ ក្នុងនោះនារីចំនួន១៧នាក់ ជនជាតិចិន១៤នាក់ វៀតណាម៣នាក់ និងបុរសជនជាតិចិន១២នាក់ផងដែរ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងបាននាំខ្លួនទៅទីបញ្ជាការអាវុធហត្ថរាជធានី ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ ដោយឡែកទីតាំងទាំង៤ខាងលើ ត្រូវបានបិទបណ្តោះអាសន្ន៕

មតិយោបល់