ភ្នំពេញៈ ម៉ូតូសេ១២៥ចំនួន២គ្រឿង ចតទុកដាក់នៅក្បែរគ្នា ម្ចាស់ទាំង២ ចូលផឹកកាហ្វេ លុះចេញមកវិញ បុរសទី១ ចាក់សោជិះយកម៉ូតូ ស៊េរី២០០៨ទៅបាត់ ទាំងមិនដឹងខ្លួនថា ច្រឡំ ចំណែកឯបុរសទី២ ចេញមកពីហូបកាហ្វេ ចាក់សោជិះយកម៉ូតូ ស៊េរី២០១០ ទៅបាត់ដែរ តាំងពីវេលាម៉ោង១០ ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្ទះលក់កាហ្វេមួយកន្លែង ក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទៅបាត់រៀងខ្លួន អស់១យប់១ថ្ងៃ ប្តឹងសមត្ថកិច្ចរៀងខ្លួន រហូតដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ ទើបរកគ្នាឃើញ ដូរយកម៉ូតូវិញ ។
បុរសទី១ ឈ្មោះ ទូច ទិវា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ម៉ូតូ សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-7001 ។ ចំណែក បុរសទី២ ឈ្មោះ យ៉ង់ សុខុម ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាម្ចាស់ម៉ូតូ សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AJ-4932 ។
តាមប្រភពនៅកន្លែងកើតហេតុ កាលពីព្រឹកថ្ងៃទី១៧ ម្សិលមិញ ម៉ូតូទាំង២គ្រឿង ចតទុកជាប់គ្នាចាក់សោកត្រឹមត្រូវដូចគ្នា ហើយម្ចាស់ទាំង២នាក់ ចូលផឹកកាហ្វេ នៅកន្លែងកើតហេតុ លុះបុរសទី១ គាត់ចេញមកមុន បានចាក់សោជិះយកម៉ូតូ ស៊េរី២០០៨ ទៅបាត់ទាំងមិនដឹងថាច្រឡំ លុះបុរសទី២ ចេញមកតាមក្រោយ មិនឃើញម៉ូតូខ្លួន តែឃើញម៉ូតូ ស៊េរី២០១០ រង់ចាំគេមកដូរវិញ ចាំបាត់ៗ អស់៣ម៉ោង ក៏សម្រេចចិត្ត ចាក់សោត្រូវដែរ ក៏ជិះយកទៅប្តឹងនគរបាលប៉ុស្តិ៍ នៅជាប់នោះតែម្តង ។
ដោយឡែកបុរសទី១ ក្រោយពីច្រឡំជិះម៉ូតូទៅ ធ្វើការរហូតទល់ល្ងាច គ្មានចាប់អារម្មណ៍ ជិះទៅដល់ផ្ទះ ឃើញម៉ូតូប្រឡាក់ភក់ហើយ បាញ់ទឹកលាង យ៉ាងស្អាត នៅតែមិនចាប់អារម្មណ៍ទៀត លុះដល់ព្រលប់ បណ្តើរម៉ូតូ ដើម្បីចូលផ្ទះ ទើបក្រឡេកឃើញ ស្លាកលេខម៉ូតូ ពេលនោះហើយ ទើបបុរសទី១ ដឹងខ្លួនថា ច្រឡំម៉ូតូគេហើយ ចាប់ផ្តើមភ័យ មានតែជិះទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ១ ។
ករណីច្រឡំម៉ូតូគ្នាខាងលើ ក្រោយពីប្តឹងសមត្ថកិច្ចរៀងខ្លួនហើយ ម្ខាងៗ មិនដឹងថាទៅរកម្ចាស់នៅឯណា មានតែថតបង្ហោះហ្វេសប៊ុក គាប់ជួន រកមុខគ្នាឃើញ ទើបនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា នេះម្ចាស់សងខាង ណាត់គ្នា យកម៉ូតូទៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីសុំទោសគ្នាទៅវិញទៅមក ជាកាច្រឡំ ហើយដូរម៉ូតូគ្នាវិញ ចំពោះមុខសមត្ថកិច្ច បញ្ចប់រឿង ៕
មតិយោបល់