ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តស៊េរីទំនើប Range Rover បុកក្បាលនាគ ពុះចែកទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តដាច់កាឡេកង់មុខទៅលែងរួច

ភ្នំពេញ: ជនជាតិចិនមួយក្រុម ធ្វើដំណើរដោយរថយន្ត ស៊េរីទំនើប មួយគ្រឿង ហើយបានបើកជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់១កង់ ធ្វើឲ្យរថយន្តបង្កដាច់កាឡែកង់មុខ និងខ្ទេចកាង រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១២ និង ១០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ១៨២ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តបង្កស៊េរីទំនើបម៉ាក range rover ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-6299 បើកបរដោយជនជាតិចិន រួមដំណើរដោយ ជនជាតិដូចគ្នា មានប្រុសមានស្រី៥នាក់ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ មានការធ្វេសប្រហែស ក៏ជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្ម បាក់អស់១កង់ រីឯរថយន្តបង្កបានដាច់កាឡេ កង់មុខផ្នែកខាងឆ្វេង រួមទាំងខ្ទេចកាង ហើយនឹងផ្ទុះពោង បែកកញ្ចក់រងការខូចខាតយ៉ាងដំណំ សំណាងល្អដែរ ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួស ។

ក្រោយកើតហេតុ ជនជាតិចិនទាំងនោះ បានព្យាយាមគេចចេញពីកន្លែង កើតហេតុបាត់អស់ ដោយបន្សល់ទុករថយន្តបង្ក ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់