ព័ត៌មានជាតិ

លោកស្នងការ​នគរបាល​ខេត្តសៀមរាប​ ត្រៀមកម្លាំង​អន្តរាគមន៍​ និង​កម្លាំង​ប្រជា​ការពារ​ ​ដើម្បីជួយ​ពលរដ្ឋ​ទាន់​ពេលពី​គ្រោះ​ទឹកជំនន់

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​អង្គារ​ ១១​រោច​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ពុទ្ធសករាជ​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៩​ លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរបាល​ខេត្តសៀមរាប​ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​គ្រប់​អធិការ​ ក្រុង​ និង​ស្រុក​ទាំងអស់​៖

១.​ត្រូវ​ត្រៀមកម្លាំង​ អន្តរាគមន៍​ និង​កម្លាំង​ប្រជា​ការពារ​ ត្រៀម​សម្ភារៈ​ មធ្យោបាយ​គ្រប់​ប្រភេទ​ ជួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​។​

២.​ សហការ​ជាមួយ​កម្លាំង​ពាក់​ព​ន្ធ័​ ពិសេស​កម្លាំង​ក្នុង​គណ​:​បញ្ជាការ​ឯកភាព​ក្រុង​ /​ស្រុក​ចេញ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា​។​

៣.​ គ្រប់​អធិការ​ក្រុង​/​ស្រុក​ដែល​ជួប​បញ្ហា​គ្រោះ​ទឹកជំនន់​ខាងលើ​ សូម​ធ្វើការ​រាយការណ៍​បាន​ទាន់​ពេលវេលា​ទៅ​លោកអភិបាលខេត្ត​ និង​អគ្គស្នងការ​នគរបាល​ជាតិ​។​

​ជាក់ស្តែង​ នៅ​ក្នុង​ខេត្តសៀមរាប​មានស្រុក​ចំនួន​៧​ រួម​មានស្រុក​ វ៉ា​រិ​ន​ អង្គរជុំ​ ពួក​ ជីក្រែង​ សូទ្រនិគម​ ក្រឡាញ់​ និង​ស្រីស្នំ​ បាន​ទទួល​រង​គ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់​ ហើយ​កងកម្លាំង​ក្រុង​/​ស្រុក​ និង​ប្រជា​ការពារ​ អនុវត្ត​តាម​បទបញ្ជា​ ខិតខំ​ប្រឹងប្រែង​ជួយ​ទប់ស្កាត់​ សង្គ្រោះ​ ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​របស់​ពួក​គាត់​អោយ​បាន​ទាន់​ពេលវេលា​ ៕

មតិយោបល់