ព័ត៌មានជាតិ

របួសធ្ងន់ស្រាល២នាក់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តនៅ សង្កាត់ភ្នៀត

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សប្រុសស្រី ២នាក់ បានរងរបួសធ្ងន់បង្កឡើងដោយម៉ូតូបុកជាមួយរថយន្ត កាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ៤០៧-៤០៨ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅ មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1V 0378 បានបើកបរពីទិសខាងកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែងរថយន្តមួយគ្រឿង បើកស្របទិសគ្នា ក្នុងស្ថានភាពគ្រោះថ្នាក់ ក៏បានជ្រុលទៅបុករថយន្តម៉ាកកាម៉ារីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង 2B 0841 បណ្តាលឲ្យអ្នកបើកបរម៉ូតូប្រុសបាក់ដៃខាងឆ្វេង និងអ្នករួមដំណើរបាក់ជើងខាងឆ្វេងរងបួសធ្ងន់ ម៉ូតូខូចខាតផ្នែកខាងមុខធ្ងន់ រថយន្តខូចខាតស្រាល។
ប្រភពពដដែលបានបន្តទៀតថាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះទាំង២នាក់ មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ ត្រូវបានរថយន្តសង្រ្គោះរបស់ស្នងការដ្ឋាននគរបាលខេត្តដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ចំណែកវត្ថុតាងយកមករក្សាទុកនៅស្នងការដ្ឋាន ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

 

មតិយោបល់