ព្រះសីហនុៈ នៅព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៩ ដោយមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដុតដៃដុតជើងរបស់សមត្ថកិច្ចជំនាញ ពាក់ព័ន្ធទាំងអស់ ក្រោមការដឹកនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាល រដ្ឋបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុនោះ ករណីមានប្រជាពលរដ្ឋប្រទះឃើញសាកសព មិនស្គាល់អត្តសញ្ញាណ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានបើកវាំងននខ្មៅ ដោយបង្រ្កាបបានជនជាតិចិនម្នាក់ ឈ្មោះ ZHOU YA YUN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខ E05801588 ស្នាក់នៅហាងប្តូរប្រាក់ជាំងស៊ូ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យបានសារភាពថា៖ ករណីនេះ កើតឡើងដោយសារ ជនរងគ្រោះ ឈ្មោះ WU CHENGHUI ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៩៥ មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខ ED7591553 បានទំនាក់ទំនងទៅជនសង្ស័យ ដើម្បីប្តូរប្រាក់ចិន ជាប្រាក់ដុល្លារអាមេរិក ចំនួន ៧០,០០០$ (ប្រាំពីម៉ឺនដុល្លារអាមេរិក) លុះនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ០០នាទី ជនរងគ្រោះបានទៅហាងប្តូប្រាក់របស់ជនសង្ស័យ ដែលមានស្លាកយីហោរ ប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីជនរងគ្រោះ បានវេប្រាក់ទៅឲ្យជនសង្ស័យរួចរាល់ ហើយ ក៏ត្រូវជនសង្ស័យប្រើកាំប៉ិត កាប់ និងចាក់សម្លាប់ជនរងគ្រោះតែម្តង ។
បន្ទាប់ពីសម្លាប់ជនរងគ្រោះរួច ជនសង្ស័យបានកាត់សាកសពរបស់ជនរងគ្រោះជា ០៣កំណាត់ ហើយយកសាកសពវេចខ្ចប់ជាមួយភួយ និងអាវដែលធ្វើសកម្មភាព និងស្បោងពណ៌ខ្មៅ រហូតដល់ម៉ោង ០១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យ បានទៅជួលរថយន្ត ០១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AH-1611 ដើម្បីដឹកសាកសពរបស់ជនរងគ្រោះ យកទៅផ្លុងចោលនៅកន្លែងផ្សេងៗពីគ្នា ដោយកំណាត់ទី១ ពីក្បាលដល់ចង្កេះ យកទៅផ្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី២ ពីចង្កេះដល់ជង្គង់ យកទៅផ្លុងចោល នៅដីឡូត៍មួយកន្លែង ស្ថិតនៅភ្នំ៩៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី៣ ពីជង្គង់ដល់បាតជើង យកទៅផ្លុងចោលនៅក្នុងព្រៃ ភូមិមើលស្វា អូរតែល៧ជាន់ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
បញ្ជាក់៖ កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង ៣០នាទី មានប្រជាពលរដ្ឋបានមកប្តឹងរាយការណ៍ថា គាត់បានប្រទះឃើញ សាកសពមិនស្គាល់អត្តសញ្ញាណ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងជំនាញស្នងការដ្ឋាន បានចុះទៅដល់កន្លែងដែលប្រទះឃើញសាកសពនោះ បន្ទាប់ពីបើកភួយដែលគ្រប់បិទបាំងសាកសពនោះរួចមក ក៏បានឃើញសាកសព គឺជាជនជាតិចិន ភេទប្រុស ត្រូវបានឃាតក សម្លាប់ដោយកាត់ផ្តាច់បំពង់ក និងចាក់លើដងខ្លួនជាច្រើនកាំប៉ិត រួចកាត់ផ្តាច់សាងសពជាបំណែកៗ បន្ទាប់មកទើបយកបំណែកសាកសពខាងលើ (ពាក់កណ្តាល់ខ្លួនដល់ក្បាល) យកមកផ្លុងចោលតែម្តង ។
ក្រោយធ្វើការពិនិត្យសាកសព និងប្រមូលភស្តុតាងកន្លែងកើតហេតុរួចមក កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានបន្តធ្វើការស្រាវជ្រាវយកចិត្តទុកដាក់ យ៉ាងស្រស្រាក់ស្រស្រាំ ប្រើប្រាស់ជំនាញរបស់នគរបាលចូលជ្រៅ រហូតធ្វើឃាត់ខ្លួន បានជនសង្ស័យ នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០២ និង០០នាទី រំលងអធ្រាត្រ នៅចំណុចហាងប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ WU CHENGHUI ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៩៥ មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខ ED7591553 ។
សាកសពរបស់ជនរងគ្រោះ ត្រូវបានកាត់ជា ០៣កំណាត់ ដោយកំណាត់ទី១ ពីក្បាលដល់ចង្កេះ ,កំណាត់ទី២ ពីចង្កេះដល់ជង្គង់ ,កំណាត់ទី៣ ពីជង្គង់ដល់បាតជើង ៕
មតិយោបល់