ព័ត៌មានជាតិ

Update៖ សត្វប្រើសមួយក្បាល ដែលបានងាប់ កាលពីព្រឹកមិញ នៅខេត្តព្រះវិហារ នឹងត្រូវធ្វើការសម្អាត ដើម្បីទុកជាសំណាក

ព្រះវិហារៈ យោងតាមផេកមន្ទីរព័ត៌មាន ខេត្តព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមកិច្ចសហការ រវាងមន្ទីរបរិស្ថានខេត្តព្រះវិហារ និងសមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា សត្វប្រើសមួយក្បាល ដែលបានងាប់ កាលពីព្រឹកមិញនៅខេត្តព្រះវិហារ ត្រូវបានដឹកបញ្ជូន ដោយកម្លាំងមន្ត្រីឧទ្យានុរក្ស មកដល់ស្នាក់ការ សមាគមមគ្គុទ្ទេសក៍ហើយ នៅវេលាម៉ោង ២ និង៣០ នាទីរសៀលនេះ។

សត្វប្រើសនេះ នឹងត្រូវធ្វើការសម្អាត ដើម្បីទុកជាសំណាក ដោយសមាគម រួចនឹងបញ្ជូនទៅកាន់មន្ទីរបរិស្ថានខេត្តព្រះវិហារវិញ បន្ទាប់ពីដំណើរការ បច្ចេកទេសប្រមូលសំណាករួចចប់សព្វគ្រប់។

គួរបញ្ជាក់ថា សត្វប្រើសនេះ បានវង្វេងចូលភូមិអ្នកស្រុក រួចជាប់នឹងដើមស្វាយចន្ទី ហើយបានបោកក្បាលខ្លួនឯងងាប់ ក្រោយពីអ្នកស្រុកបានជួយដោះ ចេញពីដង្កៀបស្វាយចន្ទី នេះបើយោងតាមសម្ដីមន្ត្រីឧទ្យានុរក្សម្នាក់ ដែលដឹកបញ្ជូនសាកសព៕

មតិយោបល់