ភ្នំពេញៈ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក កម្លាំងនគរបាលខណ្ឌចំការមន បានធ្វើការឃាត់ខ្លួន ជនជាតិចិនប្រុសស្រីចំនួន៥នាក់ ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់ ពីជនជាតិចិនដូចគ្នា ប្រព្រឹត្តិកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចសណ្ឋាគារឡាក់គីស្តារ២ ទីតាំងលេខ៣៦ ផ្លូវ៣៣៦ ក្រុម៣៤ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ជនសង្ស័យខាងលើ៖
១- ឈ្មោះ Yan HangKai ភេទប្រុស អាត១៩ឆ្នាំ មុខរបរទេសចរណ៍។
២-ឈ្មោះ Zhang Yang ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរទេសចរណ៍។
៣-ឈ្មោះ Li Xinmao ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរទេសចរណ៍។
៤-ឈ្មោះ Wang YanJim ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរទេសចរណ៍។
៥-ឈ្មោះ Wang Yang ភេទស្រី១៨ឆ្នាំ មុខរបរទេសចរណ៍។ អ្នកទាំង ៥ គ្មានលិខិតឆ្លងដែននោះទេ បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់ «ផ្ទះមាស» ផ្លូវ៣៧៤ សង្កាត់ទួលស្វាយព្រៃ២ខណ្ឌបឹងកេងកង។ ជនរងគ្រោះឈ្មោះ WashiLong ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅសណ្ឋាគារឡាក់គីស្តារ២ (កន្លែងកើតហេតុ)។
ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានបាត់លិខិតឆ្លងដែន រួចក៏មកស្នាក់នៅសណ្ឋាគារខាងលើ ហើយបានទាក់ទងជាមួយនឹងក្រុមជនសង្ស័យ ដើម្បីឲ្យជួយធ្វើលិខិតស្នាម នៅស្ថានទូតចិន។ ពេលនោះក្រុមជនសង្ស័យ ក៏បានមកជួបនិងជនរងគ្រោះនៅសណ្ឋាគារ រួចក៏ចាប់ជំរិតតែម្ដង ដោយប្រើហិង្សាវាយ លើជនរងគ្រោះ បណ្ដាលឱ្យរងរបួស បន្ទាប់មកថតរូបជនរងគ្រោះ ផ្ញើឱ្យបងប្អូននៅប្រទេសចិន ដើម្បីវេរលុយតាមប្រព័ន្ធវីឆាត ជាថ្នូរនឹងការដោះលែង។
ដោយមានការភិតភ័យ ក្រុមគ្រួសារ ក៏បានវេរលុយសរុបប្រហែលជិត ៣ពាន់ដុល្លារ ឲ្យទៅជនសង្ស័យ។ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះ បានលួចរត់រួច ទើបតែនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក ជនរងគ្រោះ បានមកស្ថានទូតចិន ក៏បានជួបនិងក្រុមជនសង្ស័យ ហើយរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ឃាត់ក្រុមជនសង្យ័យ។
ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យ ត្រូវបានប្រគល់ឲ្យ សមត្ថខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង ចាត់ការនិតីវិធី៕
មតិយោបល់