ព័ត៌មានជាតិ

ស្ងាត់មួយរយៈ ឥទ្បូវមកវិញទៀត! សង់រោងពាក់កណ្ដាលផ្លូវ អាជ្ញាធរខណ្ឌចំការមនមិនអើពើ សង្ស័យប៉ះខ្សែអ្នកធំ

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែតុលា​ ឆ្នាំ២០១៩ តាមផ្លូវលេខ១៥៥ ស្ថិតនៅសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីមិនដឹងជាសង់រោងការ ឬរោងបុណ្យ ពាក់កណ្ដាលផ្លូវ សង្ស័យជារបស់អ្នកធំទៀត ហាក់បីដូចជាគ្មាន អាជ្ញាធរណាអើពើ ជាពិសេសគណៈបញ្ជាឯកភាពខណ្ឌចំការមន ប្រហែលជាភ្លេច សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញហើយមើលទៅ បានជាបណ្ដែតបណ្ដោយឲ្យកើតរឿងដដែលៗបែបនេះទៀត។

ជាក់ស្ដែងករណីនេះ វាទើបតែស្ងប់ស្ងាត់មួយរយៈនេះប៉ុណ្ណោះ ស្រាប់តែឥទ្បូវ ចាប់ផ្ដើមមានវិញ ម្យ៉ាងទៀតគេសង្កេតឃើញថា ក្នុងខណ្ឌចំការមនតាមផ្លូវខ្លះ មានអ្នកចូលហូបគុយទាវផឹកកាហ្វេ ចតទ្បានគ្មានសណ្ដាប់ធ្លាប់ មន្ត្រីជំនាញ មិនដែលឃើញស្ទួច ចាក់សោរថយន្ត ឬក៏ផាកពិន័យ ដូចបណ្ដាខណ្ឌគេផ្សេងសោះ បានត្រឹមតែចុះមកអើតមើល ហើយសួរនាំម្ចាស់ហាង រួចក៏បើកទ្បានចេញទៅបាត់ ធ្វើដូចជាអត់ដឹងអ្វីសោះ មិនដឹងពេលណាលោកចៅហ្វាយខណ្ឌចំការមន មានវិធានការ ឲ្យមន្ត្រីក្រោមឱវាទ ចុះអនុវត្តច្បាប់ឲ្យបានតឹងរឹង កុំធ្វើឲ្យតែល្អមើល ដើម្បីឲ្យពលរដ្ឋ សរសើរ គួរណាធ្វើជាប្រចាំ ឬមួយលោកចៅសង្កាត់ មិនរាយការណ៍ជូនដំណឹង ថ្នាក់លើ ដល់ពេលពលរដ្ឋរិះគន់ តាំងនាំគ្នារត់ខ្វែងដៃខ្វែងជើង។

បើពលរដ្ឋធម្មតាវិញ សង់មិនបានមួយម៉ោងផង អាជ្ញាធរបញ្ជាឲ្យរុះរើចេញភ្លាម តែបើប៉ះអ្នកមាន ឬចំខ្សែអ្នកធំវិញ ទោះសង់ដល់មួយសប្ដាហ៍ ក៏មិនឃើញមានអីដែរ៕

មតិយោបល់