ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់រំលំផ្ទះ និងសាលារៀនចំនួន៦២ខ្នង នៅស្រុកឆ្លូង

ក្រចេះ: ខ្យល់កន្ទ្រាក់មួយកើតឡើងនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ បណ្ដាលខូចខាតផ្ទះប្រជាពលរដ្ឋ និងសាលារៀន ព្រមទាំងដំណាំកសិកម្មរួមមាន ៖

១-ខូចខាតផ្ទះ៦២ខ្នងផ្ទះ ស្មើនឹង៤៤គ្រួសារ / ២-ខូចខាតទាំងស្រុង ១៦ខ្នងផ្ទះ ស្មើនឹង ១២គ្រួសារ / ៣-របួសមនុស្សធ្ងន់៦នាក់ ស្រី៤នាក់/ ៤-សាលារៀនរបើកដំបូលមួយចំហៀងខាងបណ្ណាល័យ / ៥-ប៉ះពាល់ដំណាំប្រជាពលរដ្ឋសរុបជាង២០ហិកតា ក្នុងនោះរួមមាន ដំឡូងមី ម្រេច ស្វាយចន្ទី កៅស៊ូ និងដំណាំរួមផ្សំផ្សេងទៀត។

លោក ហេង សុថា អភិបាលស្រុកឆ្លូង បានបញ្ជាក់ឲ្យដឹងថា ពេលនេះអាជ្ញាធរកំពុងចុះពិនិត្យនិងធ្វើរបាយការណ៍ជូនទៅឯកឧត្តមអភិបាលខេត្ត និងសាខាកាកបាតក្រហម ដើម្បីយកអំណោយទៅចែកជូនពួកគាត់ដល់មូលដ្ឋាននាពេលខាងមុខ។

ជាមួយគ្នានេះដែរលោកក៏បានធ្វើការអំពាវនាវដល់សប្បុរស និងក្រុមយុវជនការងារមនុស្សធម៌ទាំងអស់ចូលរួមឧបត្ថម្ភដល់គ្រួសារបងប្អូនប្រជាពលរដ្ឋទាំងអស់ខាងលើដែលកំពុងជួបការលំបាក ខ្វះខាតនាពេលនេះផងដែរ៕

មតិយោបល់