ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ធ្វើសកម្មភាពគាស់ទូរដែក លួចយកលុយអស់ជាង៥ម៉ឺនដុល្លារ ក្នុងរោងចក្រមួនតៃ នៅក្រុងតាខ្មៅ

កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នគរបាលជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ដកណ្ដាល សហការជាមួយនគរបាលជំនាញក្រុងតាខ្មៅ ធ្វើការពិនិត្យកន្លែងកើតហេតុ និងកសាងសំណុំរឿង ដើម្បីស្រាវជ្រាវចាប់ខ្លួន ជនសង្ស័យ ចាត់ការតាមច្បាប់ ក្រោយពីមានករណីជនសង្ស័យ២នាក់ ចូលលួចគាស់ទូរដែកយកលុយជាង៥ម៉ឺនដុល្លារ ក្នុងរោងចក្រកាត់ដេរ យីហោ មួន តៃ កាលពីថ្ងៃទី១៨ ខែតុលា វេលាម៉ោង ៤និង២០នាទី ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរលិច១ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្រ្ដីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល៣០ជាងឆ្នាំ ពាក់មួកកន្តឹប ពណ៌ស ពាក់ម៉ាស ស្លៀកពាក់ឈុតប៉ារ៉ា គេចខ្លួន។ ចំណែកជនរងគ្រោះ ជាតំណាងរោងចក្រ ឈ្មោះ លឹម វិញ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ប្រធានរដ្ឋបាលរោងចក្រ ។

ដោយឡែកទ្រព្យសម្បត្ដិ បាត់បង់មាន៖ ប្រាក់ដុល្លារចំនួន៥០,៥២៣,៤៤ ដុល្លារហសរដ្ឋអាមេរិក រីឯសម្ភារៈដកហូតបានមាន៖ ទូរដែកទំហំ ៦០សង់ទីម៉ែត្រ គុណ៥០ សង់ទីម៉ែត្រចំនួន១ , អាវយឺតមនុស្សស្រីដៃវែងចំនួន ១៨អាវ ,ម៉ាឡេតចំនួន១ និងទួណឺវីសចំនួន១ផងដែរ ។

ប្រភពដដែលបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះ ដែលជាតំណាងរោងចក្រ និងខាងគណនេយ្យ បានទុកទូរដែកនៅក្នុងបន្ទប់ ហើយបានចាក់ទ្វារបន្ទប់ ត្រឹមត្រូវមុនចេញទៅផ្ទះ ។ លុះដល់វេលាម៉ោង ៥និង១០នាទី ពេលដែលឈ្មោះ យូរ៉ាន់ ជាបុគ្គលិកផ្នែកបើកបរ ចូលទៅស្កែនមេដៃ ដើម្បីបើកឡានដឹកភ្ញៀវ របស់រោងចក្រ ស្រាប់តែឃើញទូរដែក ដែលទុកនៅក្នុងបន្ទប់គណនេយ្យ ចេញមកនៅខាងមុខបន្ទប់ ដោយមានស្នាមគាស់ ភ្លាមនោះ គាត់ក៏បានដើរ ទៅហៅជនជាតិចិន ដែលស្នាក់នៅខាងក្រោយអគាររោងចក្រ ឲ្យមកមើល និងបានរាយការណ៍ ជូនសមត្ថកិច្ច ចុះទៅពិនិត្យឆែកមើលតាមរយ: កាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យ២នាក់ ដែលមានភិនភាគដូចខាងលើ បានផ្លោះតាមរបងរោងចក្រផ្នែកខាងជើង ចូលទៅធ្វើសកម្មភាពគាស់ទ្វារ បន្ទប់អូសទូរដែកចេញមកមុខបន្ទប់ ហើយគាស់យកលុយ រួចគេចខ្លួនបាត់តែម្តង ។

ករណីនេះ កម្លាំងនគរបាលជំនាញបច្ចេកទេសខេត្ត និងកម្លាំងនគរបាលជំនាញយុត្តិធម៌ក្រុងតាខ្មៅ កំពុងបន្តធ្វើការស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់