ព័ត៌មានជាតិ

កម្ដៅទ្បើង ១០០ អង្សាសេ ទប់លែងជាប់! ពូ ទាញកាំបិត និងដាវ កាប់ប្រហារក្មួយបង្កើត បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត

សៀមរាប: កាលពីវេលាម៉ោង៧ និង២៥នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប មានករណីហិង្សាដោយចេតនា បណ្ដាលបុរសម្នាក់ស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះឈ្មោះ សូ វាសនា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់ (ក្មួយបង្កើត) ចំណែកជនសង្ស័យឈ្មោះ ព្រឹម ព្រូស (ពូ)អ្នកទាំងមានទីលំនៅភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ (ពូ) បានទាស់ពាក្យសម្តីគ្នា ជាមួយជនរងគ្រោះ (ក្មួយបង្កើត) ពេលនោះជនរងគ្រោះ បានកាន់ដំបងឫស្សី ចូលទៅក្នុងដីរបស់ ក្នុងគោលបំណងហៅជនសង្ស័យ ឲ្យចេញពីក្នុងផ្ទះ ដើម្បីនិយាយគ្នា។

ភ្លាមៗនោះ ជនសង្ស័យ បានចេញពីក្នុងផ្ទះ ជាមួយដៃមានកាន់កាំបិត និងដាវមកកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសឈាមស្រោមពេញខ្លួន ហើយជនសង្ស័យក៏បានរត់ចូលទៅក្នុងផ្ទះរបស់ឈ្មោះ ណាល់ ដែលនៅក្បែរនោះបាត់ទៅ។

ចំណែកជនរងគ្រោះ ត្រូវបាន ឪពុកម្តាយនិងបងប្អូន នាំយកទៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាបភ្លាមៗ ដើម្បីធ្វើការជួយសង្គ្រោះ តែជាអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ ពេលដឹកដល់មន្ទីរពេទ្យ។

សភាពសព៖ របួសបាក់ដងកាំបិតខាងស្ដាំ និងដាច់ចុងស្លឹកត្រចៀកខាងស្ដាំ ព្រមទាំងផុងលលាដ៍ប៉ែកខាងស្ដាំ។

ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅប៉ុស្ដិ៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕

មតិយោបល់